ថ្ងៃព្រហស្បតិ៍ ១១-សីហា-២០២២ ០៨:៤៥:១០ ល្ងាច

ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន និយាយថាលោកមិនមានរបួសអ្វីទេ ក្រោយជិះកង់ដួល

ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន និយាយថាលោកមិនមានរបួសអ្វីទេ ក្រោយជិះកង់ដួល

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានដួលនៅពេលកំពុងជិះកង់កម្សាន្ត នៅឯសួនច្បារមួយកន្លែងស្ថិតក្បែរគេហដ្ឋានរបស់លោក ក្នុងរដ្ឋ ដេឡាវែរ (Delaware) កាលពីព្រឹកថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ (ម៉ោងក្នុងតំបន់) តែមិនបានរងរបួសអ្វីនោះទេ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី១៩ ខែមិថុនា ឆ្នាំ២០២២។

នៅក្នុងវីដេអូមួយដែលត្រូវបានបង្ហោះដោយសេតវិមាន បានបង្ហាញថាលោក ចូ បៃដិន មានអាយុ៧៩ឆ្នាំ បានក្រោកឈរឡើងភ្លាមៗ ក្រោយដួលកង់ ហើយលោកបាននិយាយថា «ខ្ញុំមិនមានរបួសអ្វីទេ»។ លោក បៃដិន បានជិះកង់កម្សាន្តជាមួយភរិយារបស់លោក គឺលោកស្រី ជៀល បៃដិន (Jill Biden) នៅឯសួនច្បារមួយកន្លែងក្បែរគេហដ្ឋានរបស់លោកក្នុងទីក្រុង រីហូតបូត ប៊ីស (Rehoboth Beach) នៃរដ្ឋ Delaware និងបានដួលនៅពេលដែលលោក មិនអាចទប់លំនឹងកង់បាន។ ប៉ុន្តែ ខាងសេតវិមានបានបញ្ជាក់ថា លោក បៃដិន មិនបានរងរបួសអ្វីទេ ហើយក៏មិនចាំបាច់ត្រូវធ្វើតេស្ដ ឬឆ្លងកាត់ត្រួតពិនិត្យ សុខភាពអ្វីនោះដែរ។

គួរបញ្ជាក់ថា កាលពីខែវិច្ឆិកា ឆ្នាំ២០២០ ភ្លាមៗក្រោយជាប់ឆ្នោតជាប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ក៏ធ្លាប់បានរងរបួសគ្រេចកជើងដែរ នៅពេល កំពុងលេងជាមួយសត្វឆ្កែរបស់លោក។ បញ្ហាអាយុ និងសុខភាពរបស់លោក ចូ បៃដិន ដែលជាប្រធានាធិបតីចាស់ជាងគេនៅក្នុងប្រវត្តិសាស្ត្រអាមេរិក កំពុងត្រូវបានតាមដានយ៉ាងយកចិត្តទុកដាក់ ខណៈមានការសង្ស័យជាច្រើនថាតើលោកអាចនឹងឈរឈ្មោះប្រជែង ក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិកនៅឆ្នាំ២០២៤ ដែរឬក៏ យ៉ាងណា៕

ប្រភព https://freshnewsasia.com/