ថ្ងៃព្រហស្បតិ៍ ១១-សីហា-២០២២ ០៩:៤៩:៥៣ ល្ងាច

នាយករដ្ឋមន្ត្រីសាម័រនិយាយថា តំបន់ប៉ាស៉ីហ្វិក អាចដោះស្រាយបញ្ហាសន្តិសុខដោយខ្លួនឯងបាន

នាយករដ្ឋមន្ត្រីសាម័រនិយាយថា តំបន់ប៉ាស៉ីហ្វិក អាចដោះស្រាយបញ្ហាសន្តិសុខដោយខ្លួនឯងបាន

(វែលីងតោន)៖ នាយករដ្ឋមន្ត្រីសាម័រ លោកស្រី ហ្វីយ៉ាមេ ណាអូមី ម៉ាតាអាហ្វា (Fiame Naomi Mata'afa) នៅថ្ងៃសុក្រនេះបាននិយាយថា បញ្ហាសន្តិសុខនៅក្នុងតំបន់ប៉ាស៉ីហ្វិក គួរតែអាចត្រូវដោះស្រាយបាន ដោយបណ្ដាប្រទេសនៅក្នុងតំបន់។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១៧ ខែមិថុនា ឆ្នាំ២០២២។

ឥទ្ធិពលចិនដែលកំពុងកើនឡើងនៅក្នុងតំបន់ប៉ាស៉ីហ្វិក បានធ្វើឱ្យមានការព្រួយបារម្ភដល់ប្រទេសជិតខាង ដូចជាអូស្ត្រាលី និងនូវែលសេឡង់ ព្រមទាំងសម្ព័ន្ធមិត្តរបស់ពួកគេ គឺសហរដ្ឋអាមេរិកជាដើម។ ការកើនឡើងឥទ្ធិពលចិននៅក្នុងតំបន់នេះ ត្រូវបានកត់សម្គាល់បន្ទាប់ពីប្រទេសដែនកោះសូឡូម៉ុន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិសុខ ជាមួយទីក្រុងប៉េកាំង។

លោកស្រី Mata'afa បានគូសបញ្ជាក់នៅក្នុងបទសម្ភាសន៍ ជាមួយទីភ្នាក់ងារសារព័ត៌មាន Reuters ក្នុងកំលុងពេលទស្សនកិច្ចផ្លូវការនៅប្រទេសនូវែលសេឡង់ថា «មនុស្សគ្រប់គ្នាចាប់អារម្មណ៍លើប្រទេសចិន ដែលវាជាទីផ្សារដ៏ធំមួយក្នុងការក្ដោបក្ដាប់អំណាច»

លោកស្រី Mata'afa បានបន្ថែមដោយលើកឡើងពី កិច្ចព្រមព្រៀងសន្តិសុខនៅក្នុងតំបន់ថា «យើងត្រូវធ្វើការរួមគ្នាជាតំបន់មួយ ដើម្បីដោះស្រាយបញ្ហាសន្តិសុខនៅក្នុងបរិបទដ៏ទូលំទូលាយ នៃអ្វីដែលយើងមានរួចហើយ»។ លោកស្រីនាយករដ្ឋមន្រ្តីប្រទេសាម័រ បានបន្តថា កិច្ចប្រជុំមេដឹកនាំប្រទេសប្រជុំកោះប៉ាស៊ីហ្វិក នាពេលខាងមុខនេះ នឹងពិភាក្សាថាតើ ចាំបាច់ត្រូវធ្វើអ្វីបន្ថែមទៀតលើផ្នែកសន្តិសុខ ដើម្បីកុំឱ្យប្រទេសដែនកោះដទៃទៀតមានអារម្មណ៍ថា ពួកគេត្រូវការរកជំនួយនៅខាងក្រៅតំបន់។

គួរបញ្ជាក់ថា ជាប្រពៃណី អូស្ត្រាលីនិងនូវែលសេឡង់ គឺជាដៃគូសន្តិសុខនិងជំនួយចម្បងជាងគេ សម្រាប់បណ្ដាប្រទេសប្រជុំកោះប៉ាស៉ីហ្វិក ដោយជារឿយៗពួកគេបានជួយផ្គត់ផ្គង់ការអភិវឌ្ឍ, ជំនួយគ្រោះមហន្តរាយ និងជំនួយយោធា នៅពេលចាំបាច់៕

ប្រភព https://freshnewsasia.com/