ថ្ងៃសុក្រ ២៤-កញ្ញា-២០២១ ០១:១០:២២ ព្រឹក

មានករណីឃាតកម្ម សម្លាប់ជនបរទេស២នាក់ នៅកណ្តាលរាជធានីភ្នំពេញ រីឯឃាតករងរបួសធ្ងន់

មានករណីឃាតកម្ម សម្លាប់ជនបរទេស២នាក់ នៅកណ្តាលរាជធានីភ្នំពេញ រីឯឃាតករងរបួសធ្ងន់

ភ្នំពេញ៖បុរសស្ត្រីចំនួន២នាក់ដែលជាជនជាតិហ្វីលីពីននិងត្រូវជាប្ដីប្រពន្ធនឹងគ្នាបានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ និងបុរសម្នាក់ទៀត បានរងរបួសធ្ងន់ បន្ទាប់ពីមានការឈ្លោះប្រកែកគ្នារវាងបងប្អូនបង្កើតបានមួយថ្ងៃ ស្រាប់តែភាគីជម្លោះបានឈានដល់ការកាប់ចាក់សម្លាប់គ្នាយ៉ាងសាហាវ។ ក្នុងករណីនេះ បង្កឱ្យមានការភ្ញាក់ផ្អើល នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ នៅចំណុចខុនដូរមួយកន្លែងលេខ២៥ ផ្លូវលេខ១០៣ ក្នុងមូលដ្ឋានសង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មានពីសមត្ថកិច្ច បានឱ្យដឹងថា នៅមុនពេលឈានដល់ការកាប់ចាក់សម្លាប់គ្នារវាងបងប្អូនបង្កើត និងសាច់ថ្លៃនេះគឺកាលពីរសៀលថ្ងៃទី៩ខែកញ្ញាឆ្នាំ២០២១បុរសដែលជាបងប្អូនជាមួយស្ត្រីដែលស្លាប់ឈ្លោះប្រកែកគ្នា រហូតដល់ព្រឹកថ្ងៃទី១០ ស្រាប់តែបុរសជនជាតិហ្វីលីពីន ដែលជាបងប្អូនបង្កើត(ឃាតក)បានចូលទៅខុនដូររបស់ ២នាក់ប្ដីប្រពន្ធ ក៏មានការឈ្លោះប្រកែកគ្នាឈានដល់ការចាក់សម្លាប់គ្នាដោយ ២នាក់ប្ដីប្រពន្ធនោះស្លាប់ភ្លាមៗនៅក្នុងបន្ទុបជាន់ទី១។ ចំណែកបុរសជាឃាតកបានលោតចុះមកខាងក្រោមបានរងរបួសធ្ងន់ធ្ងរ នៅក្នុងបរិវេណខុនដូរ។

ក្រោយពេលកើតហេតុកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលខណ្ឌចំការមនបានចុះដល់ទីតាំងធ្វើការពិនិត្យឃើញថា បុរសស្ត្រី២នាក់ប្ដីប្រពន្ធបានដេកស្លាប់ក្នុងថ្លុកឈាម។ ចំណែកឯបុរសជាឃាតករ បានដេករងរបួសធ្ងន់នៅក្បែរទ្វារនៃខុនដូរ ហើយកម្លាំងជំនាញបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។ ចំណែកសពត្រូវបាននគរបាលជំនាញធ្វើកោសល្យវិច័យ៕