ថ្ងៃអាទិត្យ ២៥-តុលា-២០២០ ០១:១៣:៤០ ល្ងាច

រដ្ឋបាលខេត្តកោះកុង៖ មនុស្សមួយក្រុមដែលសមត្ថកិច្ចរឹបអូសកង់ មិនមែនជិះកង់ដើម្បីហាត់ប្រាណទេ

រដ្ឋបាលខេត្តកោះកុង៖ មនុស្សមួយក្រុមដែលសមត្ថកិច្ចរឹបអូសកង់ មិនមែនជិះកង់ដើម្បីហាត់ប្រាណទេ

(កោះកុង)៖ រដ្ឋបាលខេត្តកោះកុង បានចេញមកបញ្ជាក់ថា មនុស្សមួយក្រុមមានគ្នា១៧នាក់ រួមមានលោក រ៉ុង ឈុន ប្រធានសហភាពសហជីពកម្ពុជាផងនោះ មិនបានជិះកង់ ដើម្បីហាត់ប្រាណនោះទេ តែជាសកម្មភាពមួយធ្វើឡើងផ្ទុយនឹងច្បាប់ដោយមិនមានការជូនដំណឹងដល់អាជ្ញាធរ និងជាសកម្មភាពគាំទ្រអង្គការ «មាតាធម្មជាតិ» ដែលក្រសួងមហាផ្ទៃបានលុបឈ្មោះចោលហើយ។

នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២០ម្សិលមិញនេះ មនុស្សមួយក្រុមដែលតាំងខ្លួនជាយុវជនបរិស្ថានមានគ្នា១៧នាក់នេះ បានរួមគ្នាជិះកង់ពីខេត្តកោះកុង ឆ្ពោះមករាជធានីភ្នំពេញ ក្នុងបំណងដាក់ញត្តិជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ទាមទារឱ្យមានការគាំពារតំបន់កោះកុងក្រៅ។

នៅពេលពួកគេប្រមូលផ្តុំគ្នាធ្វើដំណើរ ក៏ត្រូវបានអាជ្ញាធរសួរនាំ និងសុំកិច្ចសហការផ្សេងៗ ដើម្បីរក្សាសុវត្ថិភាពទាំងផ្នែកសុខភាព និងសុវត្ថិភាពសម្រាប់ការធ្វើដំណើរនោះ ពួកគេមិនបានសហការទើបសមត្ថកិច្ចសម្រេចរឹបអូសយកកង់របស់ពួកគេតែម្តង។ ក្រោយសមត្ថកិច្ចរឹបអូសកង់មានការផ្សព្វផ្សាយតាមបណ្តាញសង្គម និងព័ត៌មានមួយចំនួនថា សមត្ថកិច្ច និងអាជ្ញាធរខេត្តកោះកុង បិទសិទ្ធិប្រជាពលរដ្ឋមិនឱ្យហាត់ប្រាណ។

រដ្ឋបាលខេត្តកោះកុងបានច្រានចោលទាំងស្រុងចំពោះការលើកឡើងផ្ទុយពីការពិតនេះ។ ក្នុងសេចក្តីជូនបំភ្លឺដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២០នេះ រដ្ឋបាលខេត្តកោះកុង បានបញ្ជាក់ថា ការជិះកង់របស់បុគ្គលមួយក្រុមនេះ មិនមែនជាការជិះកង់ដើរកម្សាន្តទេសចរណ៍នោះទេ ប៉ុន្តែជាការប្រមូលផ្តុំជិះកង់ក្នុងសារដែលស្របនឹងការបង្ហោះអំពាវនាវរបស់ទំព័រហ្វេសប៊ុក របស់អតីតអង្គការមាតាធម្មជាតិ ដែលអង្គការនេះ ត្រូវបានក្រសួងមហាផ្ទៃសម្រេចលុបឈ្មោះចេញពីបញ្ជីអង្គការមិនមែនរដ្ឋាភិបាលកាលពីខែកញ្ញា ឆ្នាំ២០១៧។

មួយវិញទៀតការចេញទៅសួរនាំរបស់អាជ្ញាធរ និងសមត្ថកិច្ចក្នុងបំណងជួយរក្សាចំពោះសុខសុវត្ថិភាពរបស់ពួកគេក្នុងការធ្វើដំណើរ ក៏ដូចជាជួយរក្សាសុខភាពរបស់ពួកគេពីការឆ្លងជំងឺកូវីដ១៩ផងដែរ។

រដ្ឋបាលខេត្តកោះកុងបញ្ជាក់ពីបំណងរបស់ខ្លួនយ៉ាងដូច្នេះថា «ការប្រមូលផ្តុំជិះកង់ជាក្រុម មានដំណើរច្រើនគីឡូម៉ែត្រ ត្រូវមានការសហការដើម្បីការពារសុវត្ថិភាព បង្ការគ្រោះថ្នាក់ដែលកើតឡើងដោយយថាហេតុ និងម្យ៉ាងវិញទៀត បុគ្គលមួយក្រុមនេះពុំបានជូនដំណឹងមករាជ្ញាធរមូលដ្ឋានដើម្បីសហការឡើយ។ រីឯការជួបជុំ និងការប្រមូលផ្តុំក្នុងដំណាក់កាលកំពុងមានវិបត្តិកូដ-១៩នេះ គឺផ្ទុយទៅនឹងសេចក្ដីណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល»

រដ្ឋបាលខេត្តកោះកុងបន្ថែមថា ចំពោះសកម្មភាពរបស់អាជ្ញាធរមូលដ្ឋាន និងក្រុមគ្រូពេទ្យដែលបានចុះជួបក្រុមជិះកង់នេះ គឺដើម្បីវាស់កម្ដៅ និងជាការសុំការសហការផ្តល់ព័ត៌មានជូនអាជ្ញាធរ ប៉ុន្តែក្រុមបុគ្គលនេះមិនចូលរួមសហការទើបអាជ្ញាធរឃាត់កង់របស់ពួកគាត់ទុកជាបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលស្រុកកោះកុង។

រដ្ឋបាលខេត្តកោះកុងបានបញ្ជាក់យ៉ាងដូច្នេះ «មិនមែនជាការបំបិទសិទ្ធិ រំលោភសិទ្ធិបុគ្គលមួយក្រមនោះទេ គឺដើម្បីថែរក្សាសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ សាធារណៈ និងដើម្បីចូលរួមការពារការឆ្លងរាលដាល និងប្រយុទ្ធប្រឆាំងនឹងជំងឺកូដ១៩»

ក្នុងសេចក្តីបំភ្លឺនេះ រដ្ឋបាលខេត្តបានអះអាងថា រដ្ឋបាលខេត្តកោះកុងតែងតែយកចិត្តទុកដាក់សហការគ្រប់អង្គការ សមាគមស្របច្បាប់ និងយុវជនធ្វើ សកម្មភាពផ្សព្វផ្សាយការពារបរិស្ថានតាមគោលការណ៍នយោបាយជាតិ។

ចំពោះតំបន់កោះកុងក្រៅ ដែលមនុស្សមួយក្រុមតាំងខ្លួនជាយុវជនបរិស្ថាន ហើយចង់ឱ្យមានការថែរក្សាគាំពារនេះ ត្រូវបានរដ្ឋបាលខេត្តកោះកុង បញ្ជាក់ថា រាជរដ្ឋាភិបាល តាមរយៈក្រសួងបរិស្ថានបានយកចិត្តទុកដាក់ខ្ពស់លើការការពារ និងអភិរក្សតំបន់កោះកុងក្រៅនេះ ដោយបញ្ចូនក្រុមមន្ត្រីជំនាញចុះធ្វើការសិក្សាស្រាវជ្រាវរៀបចំឯកសារ និងទិន្នន័យផ្សេងៗទាក់ទងទៅនឹងតំបន់កោះកុងក្រៅនេះតាំងពីឆ្នាំ២០១៦មកម្ល៉េះ ដើម្បីដាក់តំបន់នេះជា «ឧទ្យានជាតិសមុទ្រ» ព្រោះតំបន់នេះសម្បូណ៍ដោយសក្តានុពលផ្នែកធនធានធម្មជាតិជីវៈចម្រុះ និងឆ្នេរខ្សាច់ល្អស្រស់ស្អាត ដែលត្រូវការពារ និងអភិរក្ស។

នៅក្នុងគម្រោងផែនការក្រសួងបរិស្ថានរំពឹងថា នឹងអាចប្រកាសតំបន់កោះកុងក្រៅនេះជា «ឧទ្យានជាតិសមុទ្រ» កំលុងឆ្នាំ២០២១ខាងមុខនេះ ក្រោយការបញ្ចប់ការសិក្សារួចរាល់៕

ប្រភព​ http://www.freshnewsasia.com/