ថ្ងៃព្រហស្បតិ៍ ១៣-ឧសភា-២០២១ ០៤:១៣:១១ ល្ងាច

ស្ត្រីកំពុងពរពោះចាំបាច់ត្រូវធ្វើរឿងទាំង៥នេះ ដើម្បីសុវត្ថិភាពខ្លួននិងទារកក្នុងផ្ទៃ

ស្ត្រីកំពុងពរពោះចាំបាច់ត្រូវធ្វើរឿងទាំង៥នេះ ដើម្បីសុវត្ថិភាពខ្លួននិងទារកក្នុងផ្ទៃ

(សុខភាព)៖ សុខភាពអ្នកម្តាយ និងទារកគឺមានសារៈសំខាន់ណាស់ ក្នុងពេលអ្នកកំពុងពរពោះ ដូចនេះចាំបាច់ណាស់ដែលអ្នកម្តាយគ្រប់រូបត្រូវតែធ្វើការតាមដានផ្ទៃពោះឲ្យបានទៀងទាត់ តែត្រូវចាំថា អ្នកមិនមែនជាអ្នកជំងឺទេ។

យោងតាមការបញ្ជាក់ពីវេជ្ជបណ្ឌិតជំនាញផ្នែកសម្ភពនៃមន្ទីរពេទ្យកាល់ម៉ែតបានឲ្យដឹងថា មានកិច្ចការសំខាន់ចំនួន៥ ដែលអ្នកម្តាយត្រូវធ្វើក្នុងអំឡុងពេលមានផ្ទៃពោះ៖

ទី១) ពិនិត្យផ្ទៃពោះ ៖

   ក.ការពិនិត្យផ្ទៃពោះក្នុងអំឡុងត្រីមាសទី១ គឺដើម្បីបញ្ជាក់ថា:

      - តើអ្នកមានកូនមែន ឬអត់?

      - កូនចាប់កំណើតថ្ងៃណា? គ្រប់ខែថ្ងៃណា?

      - អ្នកមានកត្តាប្រឈម គ្រោះថ្នាក់ឬទេ? 

   ខ.ការពិនិត្យក្នុងអំឡុងត្រីមាសទី២: 

      -តើទារកក្នុងផ្ទៃលូតលាស់ សមស្របតាមអាយុរបស់គេ ដែរឬទេ?

      - តើអ្នកមានជំងឺអ្វីកើតឡើងទេ អំឡុងពេលពរពោះ? (ឧ. លើសឈាម,ទឹកនោមផ្អែម, បេះដូង...)

      - តើកូនអាចប្រឈមកើតមុនខែឬទេ?

   គ. ការពិនិត្យក្នុងត្រីមាសទី៣:

      - មើលការលូតលាស់របស់ទារក

      - ដើម្បីវាយតម្លៃ និងរៀបចំទុកជាមុន ថាតើកូនរបស់អ្នកអាចកើតបានតាមធម្មជាតិ ឬក៏ត្រូវការអន្តរាគមន៌វះកាត់បែបវេជ្ជសាស្ត្រ។

ការពិនិត្យអេកូផ្ទៃពោះចំពោះស្ត្រីមានគភ៌ មានសារៈសំខាន់ណាស់ក្នុង   ការតាមដានការវិវត្តន៍សរីរាង្គ និងដឹងពីជំងឺផ្សេងៗរបស់ទារកដែលនៅក្នុងផ្ទៃ។

ទី២) ការពិនិត្យឈាម និងទឹកនោម ៖

   ក. នៅពេលចាប់ផ្តើមមានកូន:

      - ការពិនិត្យរកក្រុមឈាម គ្រាប់ឈាម និងជំងឺផ្សេងៗ

      - ពិនិត្យជាតិស្ករ ក្នុងឈាម ខ្វះជាតិស្ករ ទឹកនោមផ្អែមពេលមានទំងន់?

   ខ. នៅពេលជិតសម្រាលៈ

   ការពិនិត្យឈាមនៅរយៈពេលនេះមានសារៈសំខាន់ សម្រាប់ត្រៀមនៅពេលសម្រាល (សម្រាលដោយធម្មជាតិ ឬវះកាត់)។

ទី៣) ការពិនិត្យរោគស្ត្រី ៖

      - រលាកមាត់ស្បូន រលាកទ្វាមាស

      - ធ្លាក់ស បង្ករដោយមេរោគ (មេរោគអាចបណ្តាលឲ្យកូនលូតលាស់មិនសមស្រប បែកទឹកភ្លោះខុសប្រក្រតី ឬ កូនកើតមិនគ្រប់ខែ)

ទី៤) ការចាក់វ៉ាក់សាំង ៖

   ក្នុងអំឡុងពេលមានផ្ទៃពោះ វ៉ាក់សាំងសំខាន់ចាំបាច់ដែលត្រូវចាក់ និងគ្មានផលប៉ះពាល់ដល់ទារកក្នុងផ្ទៃ។

ទី៥) ការទទួលទានថ្នាំ ៖

ការទទួលទានថ្នាំជាតិដែក acide folique និង វីតាមីនផ្សេងៗ គឺដើម្បីឲ្យទារកក្នុងផ្ទៃ លូតលាស់បានល្អគ្រប់គ្រាន់ និងត្រឹមត្រូវ ព្រមទាំងអាចបង្ការពីជំងឺផ្សេងៗមួយចំនួនទៀតផង។

សូមបញ្ជាក់ថា អ្នកម្តាយត្រូវធ្វើការពិនិត្យសុខភាពជារៀងរាល់ខែ ទៅតាមការណាត់របស់គ្រូពេទ្យជំនាញ ក្នុងករណីមានភាពមិនធម្មតា (ឧ. ធ្លាក់ឈាម ឈឺពោះ ឫមានសញ្ញាអ្វីមួយមិនប្រក្រតី …) អ្នកត្រូវមកជួបគ្រូពេទ្យជាបន្ទាន់កុំរង់ចាំថ្ងៃណាត់ជួប។

«ការគោរពបានទៅតាមតំបូន្មានគ្រូពេទ្យជំនាញ និងការពិនិត្យសុខភាពបានទៀងទាត់ជាកត្តាដែលនាំឲ្យអ្នកម្តាយ និងបុត្រធីតាជៀសផុតពីគ្រោះថ្នាក់ក្នុងកំឡុងពេលសម្រាល។»៕SN-ពុទ្ធិរៈ

ប្រភព https://swiftnewsdaily.com