ថ្ងៃព្រហស្បតិ៍ ១៣-ឧសភា-២០២១ ០៥:៣២:២១ ល្ងាច

៥ចំណុច ដែលអ្នកគួរយល់ដឹងពី «ជំងឺពុកឆ្អឹង»

៥ចំណុច ដែលអ្នកគួរយល់ដឹងពី «ជំងឺពុកឆ្អឹង»

(សុខភាព)៖ ជំងឺពុកឆ្អឹង ត្រូវបានចាត់ទុកថាជាជំងឺរ៉ាំរ៉ៃ ដែលបណ្តាលមកពីការថយចុះនូវកំហាប់ឆ្អឹង ដែលធ្វើឲ្យអ្នកជំងឺងាយរងនូវការបាក់ឆ្អឹងជាងមនុស្សទូទៅ។ ជំងឺនេះច្រើនកើតលើមនុស្សអាយុច្រើន ចាប់ពី៥០ឆ្នាំឡើងទៅ និងក្រុមស្ត្រីក្រោយអស់រដូវ។ ហើយជំងឺនេះ ក៏កើតមានផងដែរ លើមនុស្សវ័យក្មេង ដោយសារកត្តាតំណរពូជ និងកត្តាផ្សេងៗ ដែលធ្វើឲ្យកំហាប់ឆ្អឹងថយចុះ ដូចជា កង្វះអ័រម៉ូន អ៊ឺស្ត្រូហ្សែន កត្តាហ្សេនេទិច ស្គម មិនសូវហាត់កីឡា បរិភោគអាហារដែលមានសារជាតិកាល់ស្យូមតិច និង ការជក់បារី និងពិសារស្រា..ជាដើម។

ដំបូន្មានពីវេជ្ជបណ្ឌិតជំនាញផ្នែកឆ្អឹងនៃមន្ទីរពេទ្យកាល់ម៉ែត្រ បានលើកឡើងថា ដើម្បីជៀសវាងចំពោះគ្រោះថ្នាក់ធ្ងន់ធ្ងរដែលកើតចេញពីជំងឺពុកឆ្អឹងលោកអ្នកគួរស្វែងយល់ចំណុចទាំង ៥ នៃជំងឺនេះ៖

១.ហេតុអ្វីយើងគួរស្វែងយល់ពីជំងឺនេះ?

- វាបង្កឲ្យមានការឈឺចាប់

- វាងាយនឹងបាក់ឆ្អឹង

- វាបង្កពិការភាពយូរអង្វែង។

២.រោគសញ្ញាសំខាន់ៗ៖

- បាក់ឆ្អឹង ក្រោយពីរងគ្រោះថ្នាក់ស្រាល

- ឈឺឆ្អឹងកងចង្កេះ (ឈឺបន្តិចម្ដងៗ ច្រើនខែ)

- បាក់ក្បាលឆ្អឹងភ្លៅ ក្រោយរអិលដួលតិចតួច រឺបាក់កដៃក្រោយច្រត់ រឺទប់ខ្លួន

- ប៉ុន្តែពាក់កណ្ដាលនៃករណី អ្នកជំងឺពុំមានរោគសញ្ញាគួរឲ្យចាប់អារម្មណ៍ទេ។

៣.ការធ្វើរោគវិនិច្ឆ័យ៖

- ធើ្វរោគវិនិច្ឆ័យ ដោយម៉ាស៊ីនវាស់កំហាប់ឆ្អឹង

- ថតកាំរស្មីពិនិត្យឆ្អឹង

- ពិនិត្យឈាម (កំរិតជាតិកាល់ស្យូម កំរិតជាតិផូសស្វ័រ អ័រម៉ូនទីរ៉ូអ៊ីត ប៉ារ៉ាទីរ៉ូអ៊ីត.....)

- ពិគ្រោះយោបល់ជាមួយគ្រូពេទ្យឯកទេស។

៤.តើយើងអាចការពារ និងព្យាបាលជំងឺនេះបានដែររឺទេ?

- ជំងឺនេះអាចការពារ និងព្យាបាលបាន ដោយទទួលការណែនាំ និងពិសារថ្នាំ

- ការព្យាបាលទៅតាមមូលហេតុរបស់វា។

៥.ការណែនាំសំរាប់អ្នកជំងឺឆ្អឹងពុក៖

- បរិភោគអាហារដែលសំបូរជាតិកាល់ស្យូម វីតាមីន D3 (កូនត្រីតូចៗ ទឹកដោះគោស្រស់ អាហារបំប៉ន....)

- ទទួលនូវកំដៅថ្ងៃបានគ្រប់គ្រាន់

- ឈប់ពិសារស្រា និងបារី

- ព្យាបាលជំងឺរួមផ្សំ ដែលបណ្តាលឲ្យកំហាប់ឆ្អឹងថយ

- ជៀសវាងការដួល បុក ប៉ះទង្គិច

- ជៀសវាងការប្រើថ្នាំផ្តេសផ្តាស (ស្តេរ៉ូអ៊ីត)

បើលោកអ្នកមានបញ្ហាដូចបានរៀបរាប់ខាងលើ សូមលោកអ្នកប្រញាប់អញ្ជើញទៅពិគ្រោះជាមួយគ្រូពេទ្យឯកទេសផ្នែកឆ្អឹង ដែលលោកអ្នកជឿទុកចិត្ត ដើម្បីទទួលបាននូវការការពារនិងព្យាបាលទាន់ពេលនិងមានប្រសិទ្ធភាព៕SN-ពុទ្ធិរៈ

ប្រភព https://swiftnewsdaily.com