ថ្ងៃអាទិត្យ ២៥-តុលា-២០២០ ០១:០១:៤២ ល្ងាច

នាយការិយាល័យចរាចរណ៍ផ្លូវគោក ខេត្តកំពង់ធំ ផឹកស្រវឹងជោគជាំបើករថយន្តបុករនាំងរូបសំណាកលោកតាអាចារ្យលាក់ និងជេរប្រមាថធ្ងន់ៗទៅលើអភិបាលខេត្តយ៉ាងចាស់ដៃ

នាយការិយាល័យចរាចរណ៍ផ្លូវគោក ខេត្តកំពង់ធំ ផឹកស្រវឹងជោគជាំបើករថយន្តបុករនាំងរូបសំណាកលោកតាអាចារ្យលាក់ និងជេរប្រមាថធ្ងន់ៗទៅលើអភិបាលខេត្តយ៉ាងចាស់ដៃ

(កំពង់ធំ)៖ នាយការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ លោក រុំ សុវិជ្ជា បានផឹកស្រាស្ររឹងជោគជាំរួចបើករថយន្តទៅបុករនាំងបរិវេណរូបសំណាកលោកតាអាចារ្យលាក់ បណ្តាលឱ្យខូចខាត ហើយអ្វីដែលធ្វើឱ្យកានតែភ្ញាក់ផ្អើលទៀតនោះ គឺមន្ត្រីនគបាលចរាចរណ៍ជាន់ខ្ពស់រូបនេះ បានស្រែកជេរ និងប្រមាថយ៉ាងធ្ងន់ៗទៅអភិបាលខេត្តកំពង់ធំលោក សុខ លូ ថា នៅទីតាំកើតហេតុមិនមានដាក់ភ្លើងបំភ្លឺ និងដាក់ចំណាំងផ្លាត ទើបឱ្យគាត់ជួបគ្រោះថ្នាក់បែបនេះ ប៉ុន្តែតាមការពិតនៅទីតាំងកើតហេតុមានភ្លើងបំភ្លឺគ្រប់គ្រាន់ និងមានចំណាំងផ្លាតយ៉ាងពិតប្រាកដ (សូមមើលរូបភាពខាងក្រោម)។

គ្រោះថ្នាក់ចរាចរណ៍ ដែលបង្កឡើងដោយនាយការិយាល័យចរាចរណ៍ផ្លូវគោកខេត្តកំពង់ធំ បណ្តាលមកពីជាតិស្រវឹងខាងលើនេះ បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៩៖១២នាទីយប់ ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០ម្សិលមិញ ស្របពេលដែលរាជរដ្ឋាភិបាល តាមរយៈក្រសួងមហាផ្ទៃ និងអគ្គស្នងការដ្ឋាននគរបាលជាតិ បាននិងកំពុងអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក នៅទូទាំងប្រទេសតាំងពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២០ និងខ្លួនឯងទៀតសោតក៏មានតួទាទីជានាយការិយាល័យចរាចរណ៍ផ្លូវគោក ខេត្តកំពង់ធំទៀតផង។

លោក រុំ សុវិជ្ជា កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ ក៏ត្រូវបានសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចេញលិខិតព្រមានលើកទី១ ដោយសារតែធ្វេស ប្រហែសក្នុងការអនុវត្តភារកិច្ចរបស់ខ្លួន ហើយសម្តេចក្រឡាហោម បានបញ្ជាក់ទៀតថា បើនៅតែប្រព្រឹត្តផ្ទុយពីការណែនាំនេះ នឹងចាត់វិធានការណ៍តាមវិន័យរបស់កងកម្លាំងនគរបាលជាតិ ជាក់ជាពុំខាន។

មន្ត្រីនគរបាលជាន់ខ្ពស់ និងអាជ្ញាធរមួយចំនួន ព្រមទាំងរបាយការណ៍របស់សមត្ថកិច្ចខេត្តកំពង់ធំ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២០នេះ ក៏បានបង្ហាញពីរឿងអាស្រូវមួយចំនួនដែលនគរបាលរូបនេះ ធ្លាប់បានបង្កជាច្រើនដង ធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់មុខមាត់របស់ខេត្ត ស្ថាប័ននគរបាលជាតិ ជាពិសេសទទួលការថ្នាំងថ្នាក់យ៉ាងខ្លាំង ពីមន្ត្រីរាជការ និងប្រជាពលរដ្ឋនៅក្នុងខេត្ត និយាយជារួម និងនិយាយដោយឡែក ចំពោះប្រជាពលរដ្ឋដែលធ្លាប់មានបញ្ហាគ្រោះថ្នាក់ចរាចរណ៍នាពេលកន្លងទៅ។

ជាមួយគ្នានេះ លោក រុំ សុវិជ្ជា ក៏ធ្លាប់បានជេរប្រមាថ ដោយសម្តីអសុរោះ ទៅលើអ្នកគ្រូពេទ្យនៅខេត្តកំពង់ធំ កាលពីពេលកន្លងទៅផងដែរ ពេលដែលរូបគាត់បានចូលទៅអុកឡុក រករឿង នៅក្នុងមន្ទីរពេទ្យ ដើម្បីចូលមើលមិត្តភក្តិផឹកស៊ីរបស់ខ្លួន ជួបគ្រោះថ្នាក់ចរាចរណ៍ ហើយត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យ។

យោងតាមរបាយការណ៍របស់សមត្ថកិច្ចខេត្តកំពង់ធំ បានឲ្យដឹងថា បន្ទាប់ពីបង្កហេតុ និងស្រែកឡូឡាបានមួយសន្ទុះ មានបក្ខពួកដែលគេដឹងថា ជានគរបាលដូចគ្នា បាននាំគ្នារំដោះយករថយន្ត បង្កហេតុ ទៅទុកនៅយានដ្ឋានមួយកន្លែងទាំងយប់ ដើម្បីបិទបាំងករណីនេះ។

អ្នកដែលឃើញហេតុការណ៍នេះ បានសំណូមពរដល់សម្ដេចក្រឡាហោម និងនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ មេត្តាចាត់វិធានការឱ្យបានធ្ងន់ធ្ងរចំពោះបុគ្គល នេះ ដើម្បីជាគំរូដល់មន្ត្រីដទៃទៀត និងដើម្បីចូលរួមការរឹតបន្ដឹងការនុវត្តន៍ច្បាប់ចរាចរណ៍ឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀត ហើយការសូមទោសណាមួយ វាមិនអាចបំពេញនូវទោស កំហុសរបស់ខ្លួនដែលបានធ្វើនោះឡើយ៕

ប្រភព http://freshnewsasia.com/