ថ្ងៃព្រហស្បតិ៍ ១១-សីហា-២០២២ ១០:៤៧:១៤ ល្ងាច

អភិបាលខេត្តរតនគិរី អនុញ្ញាតឲ្យក្លិបម៉ូតូ BMW កម្ពុជា ចូលជួបសម្តែងការគួរសម ពេលចុះស្វែងយល់ពីដែនជម្រកសត្វព្រៃ សក្តានុពលតំបន់ទេសចរណ៍ តំបន់អេកូទេសចរណ៍ និងតំបន់បរិស្ថានក្នុងខេត្ត

អភិបាលខេត្តរតនគិរី អនុញ្ញាតឲ្យក្លិបម៉ូតូ BMW កម្ពុជា ចូលជួបសម្តែងការគួរសម ពេលចុះស្វែងយល់ពីដែនជម្រកសត្វព្រៃ សក្តានុពលតំបន់ទេសចរណ៍ តំបន់អេកូទេសចរណ៍ និងតំបន់បរិស្ថានក្នុងខេត្ត

(រតនគិរី)៖ លោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី នៅរសៀលថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២២ បានអនុញ្ញាតឲ្យក្លិបម៉ូតូ BMW កម្ពុជា ដឹកនាំដោយ លោក ឈួន សុធារិទ្ធ អនុប្រធានក្លិបតំណាងលោក ទៀ សុខា ប្រធានកិត្តិយស និងលោក អ៊ំ វណ្ណដេត ប្រធានក្លិបដឹកនាំសមាជិកក្លិបម៉ូតូ BMW កម្ពុជា ចូលជួបសម្តែងការគួរសម។

នៅក្នុងជំនួបនេះ លោក ឈួន សុធារិទ្ធ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកអភិបាលខេត្ត ដែលបានអនុញ្ញាតឲ្យក្រុមរបស់លោកចូលជួបសំណេះសំណាល និងសម្តែងការគួរសម។ នាឱកាសនេះលោក ឈួន សុធារិទ្ធ បានគោរពជម្រាបជូនលោកអភិបាលខេត្ត ពីគោលបំណងរបស់ក្រុមក្លិបម៉ូតូ BMWកម្ពុជា មកកាន់ទឹកដីខេត្តរតនគិរីនាពេលនេះ គឺដើម្បីទស្សនកិច្ចសិក្សាក្នុងដែនជម្រកសត្វព្រៃ និងស្វែងយល់សក្តានុពលតំបន់ទេសចរណ៍ តំបន់អេកូទេសចរណ៍ និងតំបន់បរិស្ថាននានាមួយចំនួនក្នុងខេត្តរតនគិរី ដើម្បីយកទៅផ្សព្វផ្សាយពីសក្តានុពលទាំងអស់នេះ ទៅកាន់បណ្តាប្រទេសនានានៅតំបន់អាស៊ី និងអន្តរជាតិជាពិសេសគឺដើម្បីអូសទាញវិស័យទេសចរណ៍យានយន្តឲ្យចូលមកទស្សនានៅកម្ពុជា ជាពិសេសក្នុងខេត្តរតនគិរីផងដែរ។

លោកអនុប្រធានក្លិបក៏បានជម្រាបជូនលោកអភិបាលខេត្តផងដែរថា ក្លិបម៉ូតូ BMW កម្ពុជា បានបង្កើតឡើងនៅឆ្នាំ២០១៥ ក្លិបម៉ូតូ BMW កម្ពុជា គឺជាក្លិបម៉ូតូដែលបានចុះបញ្ជីក្នុងសហព័ន្ធកីឡាយានយន្តកម្ពុជា ហើយក៏ជាក្លិបម៉ូតូដែលទទួលស្គាល់ដោយក្លិបម៉ូតូ BMW អន្តរជាតិ និងស្ថិតនៅក្រោមឆ័ត្រក្លិបម៉ូតូ BMW នៅតំបន់អាស៊ីផងដែរ។

ក្នុងឱកាសនេះលោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះដំណើរទស្សនកិច្ចរបស់ក្រុមក្លិប ម៉ូតូ BMWកម្ពុជា ដែលបានមកកាន់ទឹកដីខេត្តរតនគិរី។

លោកបានជម្រាបជូនពីសក្តានុពលទេសចរណ៍ ជាពិសេសតំបន់អេកូទេសចរណ៍ក្នុងខេត្តរតនគិរី មានជាអាទិ៍៖ តំបន់អេកូទេសចរណ៍វាលធំស្ថិតក្នុងឧទ្យានជាតិវីរៈជ័យ មានបឹងធម្មជាតិជាច្រើនកន្លែង តំបន់អភិរក្សសត្វព្រៃនិងបរិស្ថាន ដែលតំបន់ទាំងនេះបានទាក់ទាញភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិឲ្យចូលមកទស្សនាកាន់តែច្រើនពីមួយឆ្នាំទៅមួយឆ្នាំ។ ដូច្នេះតាមរយៈក្រុមក្លិបម៉ូតូ BMWកម្ពុជា ដែលមកសិក្សាស្វែងយល់ពីសក្តានុពលទាំងអស់នេះនឹងយកទៅផ្សព្វ
ផ្សាយទៅកាន់អន្តរជាតិ និងពិភពលោកបានជ្រួតជ្រាបពីសក្តានុពលទេសចណ៍ដ៏សម្បូរបែបក្នុងទឹកដីខេត្តរតនគិរី៕

ប្រភព http://plus.freshnewsasia.com/