ថ្ងៃព្រហស្បតិ៍ ១១-សីហា-២០២២ ០៩:៤២:៣៨ ល្ងាច

កម្ពុជាស្វាគមន៍រោងចក្រដំឡើងរថយន្ដថ្មីមួយទៀត តម្លៃជាង១៥លានដុល្លារ នៅខេត្តកំពង់ស្ពឺ

កម្ពុជាស្វាគមន៍រោងចក្រដំឡើងរថយន្ដថ្មីមួយទៀត តម្លៃជាង១៥លានដុល្លារ នៅខេត្តកំពង់ស្ពឺ

(ភ្នំពេញ)៖ រោងចក្រដំឡើងរថយន្ដថ្មីមួយទៀត តម្លៃជាង១៥លានដុល្លារ ត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគ ជាផ្លូវការ។

រោងចក្រដំឡើងរថយន្ដទី៦ នៅកម្ពុជានេះ វិនិយោគដោយក្រុមហ៊ុន GTV MOTOR CO., LTD មានទីតាំងស្ថិតនៅអគារលេខ ៦ A និង ៦ B ផ្លូវជាតិលេ៣ ភូមិអង្រ្គង ឃុំអង្គពពេល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ក្រោមទុនវិនិយោគប្រមាណ១៥.៦លានដុល្លារ និងអាចបង្កើតការងារ បានចំនួន៧៣៨កន្លែង។

ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២នេះ លោក សុខ ចិន្ដាសោភា រដ្ឋមន្រ្ដីប្រតិភូអមនាយករដ្ឋមន្រ្ដី អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានឲ្យដឹងថា ការដែលក្រុមហ៊ុនមកបណ្ដាក់ទុនវិនិយោគដំឡើងរថយន្ដនៅកម្ពុជា ដោយពួកគេបានតាមដានច្បាស់លាស់ពីទីផ្សារ និងសេដ្ឋកិច្ចកម្ពុជា។

លោក សុខ ចិន្ដាសោភា បានបញ្ជាក់យ៉ាងដូច្នេះថា «ការដំឡើងរថយន្ដ នៅក្នុងទីផ្សារកម្ពុជា ដោយបានតាមដានតួរលេខនាំចូល និងអាចសន្និដ្ឋានថា ជីវភាពរបស់ប្រជាពលរដ្ឋកម្ពុជាកាន់តែមានភាពប្រសើរឡើង។ ទន្ទឹមនឹងមានធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុ មានកម្មវិធីផ្ដល់ប្រាក់កម្ចី ទៅដល់អតិថិជនទិញរថយន្ដ និងផ្ទះជាដើម -ល-»។

លោករដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានលើកឡើងថា អ្នកវិនិយោគនៅក្នុងវិស័យដំឡើងរថយន្ដ គឺមានការតាមដានជាច្រើនឆ្នាំ ក្នុងប្រទេសដែលជាគោលដៅ សម្លឹងមើលពីកំណើនសេដ្ឋកិច្ច, ចំណូលរបស់ប្រជាពលរដ្ឋ និងកម្លាំងបញ្ជាទិញ ទើបអ្នកវិនិយោគបោះជំហានពីការតាមដានគិតគូរ មកដល់ការបណ្ដាក់ទុន។

លោកបានគូសបញ្ជាក់ថា «ការចូលមកវិស័យដំឡើងរថយន្ដ គឺមិនមែនជាចៃដន្យនោះទេ សុទ្ធតែមានការតាមដានច្បាស់លាស់ពីប្រទេសនោះ មុននឹងឈានដល់ការចូលមកបណ្ដាក់ទុនវិនិយោគ។ ជាក់ស្ដែងក្រុមហ៊ុន Ford បានមករកស៊ីនៅកម្ពុជាជាយូរឆ្នាំ ហើយជាច្រើនឆ្នាំបន្ដបន្ទាប់ តួរលេខនៃការលក់រថយន្ដ Ford មានការកើនឡើង ដូច្នេះក្រុមហ៊ុនឃើញថា ទីផ្សារនេះមានការរីកចម្រើន ទើបក្រុមហ៊ុនបណ្ដាក់ទុន ដំឡើងរថយន្ដនៅកម្ពុជាតែម្ដង»។

បើតាមលោក សុខ ចិន្តាសោភា ក្រុមហ៊ុនរថយន្ដ ISUZU ដែលជាក្រុមហ៊ុនជប៉ុន ដែលមានសកម្មភាពនៅកម្ពុជាយូរឆ្នាំមកហើយនោះ ក៏បានបណ្ដាក់ទុនដំឡើងរថយន្ដ ISUZU នៅខេត្តកំពង់ស្ពឺផងដែរ។

សូមជម្រាបថា ក្រុមហ៊ុនដំឡើងរថយន្តមួយចំនួន៧ កំពុងធ្វើប្រតិបត្តិការនៅកម្ពុជារួមមាន៖ ១៖ ក្រុមហ៊ុន DAEHAN Auto (Cambodia) Co., Ltd ដំឡើងរថយន្តម៉ាក Ssangyong, Daehan, Sino ជាដើម, ២៖ ក្រុមហ៊ុន Xuzhou XCMG Auto Manufacturing Co., Ltd ដំឡើងរថយន្តម៉ាក SINOTRUK និងម៉ាកផ្សេងៗ, ៣៖ ក្រុមហ៊ុន Camko Motor Company Ltd ដំឡើងរថយន្តម៉ាក Hyundai, ៤៖ ក្រុមហ៊ុន HGB Motors Assembly Co., Ltd ដំឡើងរថយន្តម៉ាក KIA , ៥៖ ក្រុមហ៊ុន RMA Automotive (Cambodia) Co., Ltd, ៦៖ ក្រុមហ៊ុន E M Automobile Co., Ltd , ៧៖ ក្រុមហ៊ុន K (CAMBODIA) CO., LTD. (ISUZU)៕

ប្រភព https://freshnewsasia.com/