ថ្ងៃសុក្រ ២៤-កញ្ញា-២០២១ ១២:៤០:៥៩ ព្រឹក

លើកមុន ! លោកផ្កាយ១ ស្រេង សុខា សម្ងែងទ្រព្យដ៏សន្ធឹកសន្ធាប់ , ACU ថា មិនជាប់ពាក់ព័ន្ធអំពើពុករលួយ ចុះលើកនេះ រំលោភដីរដ្ឋជាង២០ហិកតា មានទោសឬទេ ?

លើកមុន ! លោកផ្កាយ១ ស្រេង សុខា សម្ងែងទ្រព្យដ៏សន្ធឹកសន្ធាប់ , ACU ថា មិនជាប់ពាក់ព័ន្ធអំពើពុករលួយ ចុះលើកនេះ រំលោភដីរដ្ឋជាង២០ហិកតា មានទោសឬទេ ?

កណ្តាល៖គេនៅចាំបានថា កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៩ កន្លងទៅ លោកទេសរដ្ឋមន្ត្រី ​ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងពុករលួយ ហៅកាត់ថា ACU ប្រកាសថា ការសម្ងែងទ្រព្យសម្បត្តិដ៏សន្ធឹកសន្ធាប់របស់លោកឧត្តមសេនីយ៍ត្រី ស្រេង សុខា ស្នងការរងនគរបាលខេត្តកណ្តាល គឺ មិនជាប់ពាក់ព័ន្ធនឹងអំពើពុករលួយទេ ។

កាលនោះ ក្នុងសន្និសីទកាសែតមួយ លោក ឱម យ៉ិនទៀង ថ្លែងថា “​គាត់​ខុស គឺ ​ការ​សម្ញែង​ទ្រព្យ​ ។ នៅ​ហុងកុង នៅ​ប្រទេស​មួយចំនួនទៀត ច្បាប់​ប្រឆាំង​អំពើពុករលួយ ដាក់ទោស​មន្ត្រីរាជការ ដែល​សម្ញែង​ទ្រព្យ​ជាប់គុក ។ ប៉ុន្តែ​ស្រុក​ខ្មែរ​អត់​ជាប់គុក​ទេ គ្រាន់តែ​រាជរដ្ឋាភិបាល​បណ្ដេញចេញ ។ នៅ​កម្ពុជា​អត់​មានច្បាប់​ដាក់គុក ករណី​សម្ញែង​ទ្រព្យ​នោះទេ” ។​

ទោះបីយ៉ាងណា នៅពេលនេះ លោក ស្រេង សុខា បានលេចចេញបញ្ហាដ៏ធំមួយទៀតហើយ គឺ ការរំលោភដីរដ្ឋជាង២០ហិកតាក្នុងចំណោមដីរដ្ឋសរុបជាង៤០ហិកតា នៅក្នុងភូមិភូមិកោះគរ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល ។ ប៉ុន្តែ បញ្ហានេះ លោក ស្រេង សុខា បានចេញមុខបដិសេធ ភ្លាមៗផងដែរ ។

រឿងរ៉ាវនេះ គឺ ធ្លាយចេញពីមាត់ លោកម៉ៅ ភិរុណ កាលជំនាន់នៅជាអភិបាលខេត្តកណ្តាល ដែលបច្ចុប្បន្នជាប្រធានក្រុមប្រឹក្សាខេត្តកណ្តាល បានបញ្ជាអោយលោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល ធ្វើយ៉ាងណាដកតំណែងលោកឧត្តមសេនីយ៍ត្រី ស្រេង សុខា ស្នងការរងខេត្តកណ្តាល​អោយទាល់តែបាន ព្រោះថ្លើមធំខ្លាំងណាស់ ហ៊ានយកឈ្មោះរបស់លោកបញ្ជាចៅសង្កាត់រកាខ្ពស់ អោយកាត់ដីរដ្ឋជាង២០ហិកតា ក្នុងដីរដ្ឋសរុបជាង៤០ហិកតា។

លោក ម៉ៅ ភិរុណ ក្នុងតំណែងជាអភិបាលខេត្តកណ្តាល នៅឡើយ បានបញ្ជាចំពោះមុខលោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត និង កណ្តាលចំណោម មនុស្សជាង៧០០នាក់ កាលពីថ្ងៃទី២ ខែមីនា ឆ្នាំ២០២០ ក្នុងពិធីសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៩ និង លើកទិសដៅការងារឆ្នាំ២០២០ របស់រដ្ឋបាលខេត្តកណ្ដាល ។

ជុំវិញបញ្ហានេះ លោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល ថ្លែងប្រាប់ CPC NEWS កាលពីរសៀលថ្ងៃទី៥ ខែមីនា ម្សិលមិញនេះ ថា លោក ម៉ៅ ភិរុណ ពិតជាបានបញ្ជាលោកបែបនេះមែន ។ លោក ឈឿន សុចិត្ត អះអាងថា ពេលនេះលោកកំពុងចាត់ការករណីនេះ ហើយ ។

ដោយឡែក CPC NEWS នៅពុំទាន់សុំការបញ្ជាក់បន្ថែមទៀតពីលោក ម៉ៅ ភិរុណ អតីតអភិបាលខេត្តកណ្តាល និង លោក ឈឿង ឆូ ចៅសង្កាត់រកាខ្ពស់ បានទេ ដោយសារទូរស័ព្ទជាច្រើនលើកគ្មានអ្នកទទួល ។

ប្រភពព័ត៌មានច្បាស់ការណ៍ ថ្លែងប្រាប់ CPC NEWS ថា លោកឧត្តមសេនីយ៍ត្រី ស្រេង សុខា ស្នងការរងខេត្តកណ្តាល បានយកអំណាចខ្លួននិងយកឈ្មោះលោក ម៉ៅ ភិរុណ កាលនៅជាអភិបាលខេត្តកណ្តាល បានគំរាម លោក ឈឿង ឆូ ចៅសង្កាត់រកាខ្ពស់ អោយសុីញ៉េយកដីសម្បត្តិរដ្ឋ ជាង២០ហិកតា ក្នុងដីរដ្ឋសរុបជាង៤០ហិកតា នៅភូមិកោះគរ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល ។

ទោះបីយ៉ាងណា ក្រោយមានការផ្សព្វផ្សាយព័ត៌មានទាំងនេះ លោក ស្រេង សុខា បានចេញមុខបដិសេធ ភ្លាមៗថា លោកមិនបានរំលោភយកដីរដ្ឋដូចការចោទប្រកាន់ទេ ហើយក៏មិនបានប្រើឈ្មោះ លោក ម៉ៅ ភិរុណ ដើម្បីគំរាម លោក ឈឿង ឆូ ចៅសង្កាត់រកាខ្ពស់ អោយសុីញ៉េយកដីសម្បត្តិរដ្ឋ ជាង២០ហិកតា ដែរ ។

លោក អះអាងថា ដីទាំងនេះ គឺ ជារបស់លោកដែលបានទិញជាយូរមកហើយ ហើយអ្វីៗធ្វើតាមនីតិវិធី នៃច្បាប់ភូមិបាលទាំងអស់ ៕

 

ប្រភព៖ cpc-news.com