ថ្ងៃពុធ ១៤-មេសា-២០២១ ០៤:៥២:០៦ ព្រឹក

ពលរដ្ឋត្អូញត្អែររឿងសេវាសាធារណៈនៅពន្ធដារខេត្តកណ្តាល យឺតយ៉ាវ តែបើមានកញ្ចប់ថវិកាក្រៅផ្លូវការ គឺ បានលឿន , ប្រធានពន្ធដារ ចង់ស្គាល់អត្តសញ្ញាណពលរដ្ឋដែលត្អូញត្អែរ នេះ

ពលរដ្ឋត្អូញត្អែររឿងសេវាសាធារណៈនៅពន្ធដារខេត្តកណ្តាល យឺតយ៉ាវ តែបើមានកញ្ចប់ថវិកាក្រៅផ្លូវការ គឺ បានលឿន , ប្រធានពន្ធដារ ចង់ស្គាល់អត្តសញ្ញាណពលរដ្ឋដែលត្អូញត្អែរ នេះ

កណ្តាល៖ប្រជាពលរដ្ឋមួយរូបសុំមិនបញ្ចេញឈ្មោះ បានថ្លែងប្រាប់ CPC NEWS នៅថ្ងៃទី៥ ខែមីនា នេះ ដោយសម្តែងការត្អូញត្អែរ លើការបម្រើសេវាសាធារណៈ យឺតយ៉ាវបង្កអោយពួកគាត់ខាតពេលវេលាមួយថ្ងៃទៅ២ថ្ងៃពេញ លើការងារមកបង់ពន្ធផ្សេងៗក្នុងអង្គភាពមួយនេះ ។ ពលរដ្ឋ រូបនេះ ចោទប្រកាន់ថា តែបើមានកញ្ចប់ថវិកាក្រៅផ្លូវការណាមួយនោះ គឺ បានលឿនរហ័សទាន់ចិត្ត ។

ជុំវិញបញ្ហានេះ លោក នុត វត្ថា ប្រធានសាខាពន្ធដារខេត្តកណ្តាល ប្រាប់ CPC NEWS ថា លោកចង់ស្គាល់អត្តសញ្ញាណពលរដ្ឋដែលត្អូញត្អែរ នេះ ដើម្បីចង់ដឹងថា ឯកសារណាមួយដែលយឺតយ៉ាវ ។

ប្រជាពលរដ្ឋ បានលើកឡើងថា មន្ត្រីពន្ធដារផ្នែកសេវាសាធារណៈ មិនសូវយកចិត្តទុកដាក់ជាមួយប្រជាពលរដ្ឋនោះទេ ដោយខ្វះមន្ត្រីបច្ចេកទេសជំនាញពន្យល់ ទុកអោយការងារត្រូវរាំងស្ទះ អ្នកខ្លះមកអង្គុយរាប់ម៉ោង ឬ ពេញមួយថ្ងៃ ។

ក្នុងនោះកន្លែងធ្វើការកុំថាឡើយដល់ដាក់ម៉ាស៊ីនត្រជាក់ តែត្រឹមកង្ហាល់ក៏មិនបំពាក់ដែរ ធ្វើអោយប្រជាពលរដ្ឋ មកបំពេញឯកសារនៅកន្លែងសេវាសាធារណៈ ម្នាក់ៗក្តៅស្ទើរថប់ដង្ហើម ដោយអស់លោកទាំងនោះ មិនរវីរវល់ ពីផលលំបាករបស់ប្រជាពលរដ្ឋ មន្ត្រីរាជការ និង សមត្ថកិច្ច ឡើយ ។

ពលរដ្ឋមួយរូបសុំមិនបញ្ចេញឈ្មោះ បន្តថា បើមានអ្នកស្គាល់ ឬ ប្រជាពលរដ្ឋខ្លះគាត់មានកញ្ចប់កម្រិតណាមួយ គឺ មន្ត្រីពន្ធដារផ្នែកសេវាសាធារណៈ យកចិត្តទុកដាក់ និង ធ្វើអោយលឿន ខុសពីអ្នកមកបំពេញឯកសារដោយខ្លួនឯង។ ពលរដ្ឋ នោះនិយាយថា “ឮថាគេនិយាយ១០០ដង មិនស្មើនឹងជួបខ្លួនឯងម្តងទេ គឺ មហាយ៉ាប់បំផុតខាងការងារយឺត”។

ជុំវិញការលើកឡើងនេះ លោក នុត វត្ថា ប្រធានសាខាពន្ធដារខេត្តកណ្តាល បានប្រាប់ CPC NEWS នៅរសៀលថ្ងៃទី៥ ខែមីនា នេះ ថា លោកមិនចង់និយាយអ្វីទេ តែចង់ដឹងថា ពលរដ្ឋរូបណាដែលត្អូញត្អែរ នេះ ហើយឯកសារណាមួយដែលយឺតយ៉ាវ , លោកនឹងដោះស្រាយជូន ។

ទោះបីយ៉ាងណា បញ្ហានេះ ពលរដ្ឋដដែល បានសំណូមពរអោយលោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកពន្ធដារ មេត្តាពិនិត្យនិងដាស់តឿនបន្ថែមដល់លោក លោក នុត វត្ថា ប្រធានសាខាពន្ធដារខេត្តកណ្តាល អោយណែនាំបន្តដល់មន្ត្រីរបស់ខ្លួនផង ដើម្បីបម្រើសេវាជូនប្រជាពលរដ្ឋ អោយមានតម្លាភាព និង ស្អាតស្អំ ៕

 

ប្រភព៖ cpc-news.com