ថ្ងៃអង្គារ ២៤-វិច្ឆិការ-២០២០ ១១:០៩:៤១ ព្រឹក

កុំតែបែកកង់ ប្រហែលមិនដឹងថា ឡានពណ៌ត្រេអ៊ីពាក់សុទ្ធតែផ្លាកលេខនគរបាល ដឹកឈើខុសច្បាប់សោះ

កុំតែបែកកង់ ប្រហែលមិនដឹងថា ឡានពណ៌ត្រេអ៊ីពាក់សុទ្ធតែផ្លាកលេខនគរបាល ដឹកឈើខុសច្បាប់សោះ

សៀមរាប៖រថយន្តដឹកឈើខុសច្បាប់ធុនធំមួយគ្រឿង ពណ៌ត្រេអ៉ី ពាក់ផ្លាកលេខនគរបាល 3-0759 ប្រភេទរថយន្ត៥តោន ជិះតាមផ្លូវសុខៗស្រាប់តែបែកកង់​មុខ បណ្តាលអោយមានការភ្ញាក់ផ្អើល ។ លុះដល់ពេលសមត្ថកិច្ចប្រទះឃើញ ក៏ឆែកឆេរ ទើបដឹងថា រថយន្តនេះដឹកឈើខុសច្បាប់សោះ ។

សមត្ថកិច្ច​ បានឃាត់ឡាននេះ កាលពីវេលាម៉ោង៣៖៤០នាទី  ថ្ងៃទី១ ខែមីនា ឆ្នាំ២០២០ នៅចំណុចស្រុកស្វាយលើ ខេត្តសៀបរាប ។ 

តាមប្រភពព័ត៌មានមួយ ដែល CPC NEWS ទទួលបាន នៅថ្ងៃទី២ ខែមីនា នេះ បញ្ជាក់ថា រថយន្តនេះបានដឹកឈើប្រមាណ៣០ម៉ែត្រគូប ចេញពីខេត្តព្រះវិហារ ឆ្លងចូលមកខេត្តសៀមរាប ។ លុះមកដល់ចំណុចកើតហេតុ បានបែកកង់ខាងមុខ ។ ចៃដន្យនៅពេលនោះ អ្នកសារព័ត៌មានមួយក្រុម មានការសង្ស័យ ក៏សួរនាំតៃកុងឡានចុះឡើងៗ ក៏ធ្លាយរឿងដឹកឈើខុសច្បាប់តែម្តង ។ 

ពេលនោះម្ចាស់ឡានប្រាប់ថា ជាឈើរបស់មេ ជាស្នងការរងខេត្តព្រះវិហារ រួចគេបានសំឡុតគំរាមអ្នកសារព័ត៌មាន ហាមដាច់ខាតមិនឱ្យថតឡាននេះនោះទេ ។

ប្រភពព័ត៌មានបន្តថា ពេលនោះក៏មានកម្លាំង ជំនាញរដ្ឋាបាលព្រៃឈើ ស្រុកស្វាយលើ និងសមត្ថកិច្ច ចុះមករកច្បាប់ តែអត់មាន ទើបសម្រេចឃាត់ទុកបណ្ដោះអាសន្ន រង់ចាំអនុវត្តតាមនីតិវិធី ។ 

តាមការបញ្ជាក់ពីសមត្ថកិច្ចអោយ CPC NEWS ដឹងថា តាមការវាស់វែង នេះជាប្រភេទឈើលេខ១ ចំនួន២២៣ដុំ ដោយអ្នកដឹកមានឈ្មោះ ព្រៀក សីហា និង ឈ្មោះ អ៊ក រិទ្ធ ជានគរបាលក្រសួងមហាផ្ទៃ ។

មជ្ឈដ្ឋានជាច្រើន សង្ឃឹមថា ថ្នាក់ដឹកនៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ នឹងស្រាវជ្រាវស្វែង រកឈ្មោះស្នងការរងរូបមួយណា ដែលជាអ្នកនៅពីក្រោយខ្នងនៃការដឹកឈើខុសច្បាប់នេះ ៕

 

ប្រភព៖ cpc-news