ថ្ងៃសុក្រ ២៤-កញ្ញា-២០២១ ១២:០៣:០០ ព្រឹក

ម៉ូតូធំបើកបុករថយន្តមន្ត្រីនគរបាលម្នាក់ កំពុងបត់ឆ្លងផ្លូវ រងការខូចខាត ប្រកែកចរចាដោះស្រាយមិនត្រូវគ្នា នៅខណ្ឌចំការមន

ម៉ូតូធំបើកបុករថយន្តមន្ត្រីនគរបាលម្នាក់ កំពុងបត់ឆ្លងផ្លូវ រងការខូចខាត ប្រកែកចរចាដោះស្រាយមិនត្រូវគ្នា នៅខណ្ឌចំការមន

ភ្នំពេញ: កាលពីវេលាម៉ោង ៩និង១៥នាទីយប់ ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលឲ្យរងការខូចខាត ស្ថិតត្រង់ចំណុចខាងមុខស្ថានទូតជប៉ុន តាមបណ្ដោយផ្លូវព្រះនរោត្ដម ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន រាជធានីភ្នំពេញ។

ម៉ូតូម៉ាក M-SLAZ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1IK-6001 បើកបរដោយបុរសម្នាក់។
រថយន្តម៉ាក ហាយលែនឌ័រ ពណ៌ប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ 2AB-1380 បើកបរដោយបុរសម្នាក់ជាមន្ត្រីនគរបាល។

ដំណើររឿង៖ មុនពេលកើតហេតុគេឃើញ មន្ត្រីនគរបាលម្នាក់ បើករថយន្តធ្វើដំណើរតាមបណ្ដោយផ្លូវព្រះនរោត្តមពីជើងទៅត្បូង លុះពេលមកដល់ចំណុចកើតហេតុ បានបត់ឆ្វេងឆ្លងផ្លូវបំណងចូលទៅក្នុងស្ថានទូតជប៉ុន ខណ:ពេលឆ្លងបានពាក់កណ្ដាលផ្លូវ ក៏ស្រាប់តែមានម៉ូតូមួយគ្រឿងម៉ាកខាងលើ បើកបរដោយបុរសម្នាក់ តាមបណ្ដោយផ្លូវព្រះនរោត្ដម បញ្រ្ចាសទិសគ្នា និងក្នុងល្បឿនលឿន រួចក៏បានជ្រុលទៅបុកគាបជាប់ និងកង់រថយន្ត បណ្ដាលឲ្យម៉ូតូរងការខូចខាតផ្នែកខាងមុខ រីឯរថយន្តបានរងការខូចខាតបាក់ក្រឡេកង់ និងក្រពឹតថ្ពាល់ខាងមុខចំហៀងខាងស្ដាំ បន្ទាប់ពីកើតហេតុភ្លាមៗ ក៏មានសមត្ថកិច្ចមូលដ្ឋាន និងសមត្ថកិច្ចជំនាញ បានចុះទៅធ្វើការអន្តរាគមន៍ ហើយឲ្យភាគីទាំងពីរ ចរចាដោះស្រាយគ្នា ដោយខាងរថយន្តបានទាមទារសំណងចំនួន ១០០ដុល្លារ តែខាងម៉ូតូមានលទ្ធភាពសងតែ ២០ដុល្លារ ទើបធ្វើឲ្យការចរចាដោះស្រាយមិនត្រូវគ្នា។

ក្រោយពេលកើតហេតុរថយន្ត និងម៉ូតូ ត្រូវបានសមត្ថកិច្ចជំនាញ ធ្វើការវាស់វែងស្ទូចយកទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំធ្វើការដោះស្រាយតាមនីតិវិធីច្បាប់៕