ថ្ងៃសុក្រ ២៤-កញ្ញា-២០២១ ១២:២១:៤២ ព្រឹក

សង្ស័យភ្លើងប្រចណ្ឌ! បាញ់សម្លាប់គូស្នេហ៍ រួចបាញ់សម្លាប់ខ្លួនឯង ក្នុងអតីតក្លិបទ្រូហ្វេស នៅខណ្ឌដូនពេញ

សង្ស័យភ្លើងប្រចណ្ឌ! បាញ់សម្លាប់គូស្នេហ៍ រួចបាញ់សម្លាប់ខ្លួនឯង ក្នុងអតីតក្លិបទ្រូហ្វេស នៅខណ្ឌដូនពេញ

ភ្នំពេញ៖ បុរសជាសន្តិសុខយាមអាគារអតីតក្លិប ទ្រូហ្វេស បានបាញ់សម្លាប់គូស្នេហ៍របស់ខ្លួន រួចបានបាញ់សម្លាប់ខ្លួនឯងតាមក្រោយ បណ្តាលឱ្យស្លាប់នៅលើគ្រែ ក្នុងអគារនោះផ្ទាល់តែម្តង។ ករណីនេះ បានកើតឡើងនៅវេលាម៉ោង ១០ព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ នៅចំណុចអាគារ២A ជាន់ទី២ បន្ទប់លេខ៣១ ផ្លូវ៩០ កែងនិងផ្លូវស៊ីសុវត្ថិ ក្រុម១៦៣ ភូមិ១១ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ភាគីខាងបុរសមានឈ្មោះ ឌុច សុធា ជាសន្តិសុខយាមអាគារខាងលើ បានប្រើអាវុធខ្លីម៉ាក៥៤ បាញ់សម្លាប់នារីជាគូស្នេហ៍ ឈ្មោះ ទូច សំអាង អាយុជាង៤០ឆ្នាំ មានមុខរបរលក់សាច់គោ និងក្របីងៀត និងជាស្ត្រីម៉េម៉ាយមានកូនប្រុសស្រីចំនួន ៣នាក់ ក្នុងបន្ទុក។ ក្នុងករណីនេះ បុរសជាគូស្នេហ៍បានបាញ់ស្ត្រីមួយគ្រាប់ចំក្បាល បណ្តាលស្លាប់ រួចក៏បាញ់សម្លាប់ខ្លួនឯងជាក្រោយ ត្រូវចំស្នៀតផ្កាខាងស្តាំមួយគ្រាប់។

ករណីនេះ គេនៅមិនទាន់ទទួលបានព័ត៌មានច្បាស់ការណ៍ណាមួយថា ករណីខាងលើនេះបណ្តាលមកពីរឿងអ្វីឱ្យប្រាកដនៅឡើយទេ រង់ចាំការបញ្ជាក់ពីសមត្ថកិច្ចជំនាញ ប៉ុន្តែគេគ្រាន់តែដឹងថា ជាករណីឃាតកម្មបាញ់សម្លាប់គូស្នេហ៍រួចបាញ់សម្លាប់ខ្លួនឯងតាមក្រោយ។ បច្ចុប្បន្នសព ត្រូវបានក្រុមគ្រូពេទ្យពិនិត្យសំណាក និងធ្វើកោសល្យវិច័យរួចហើយ និងប្រគល់សពទៅឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕