ថ្ងៃសុក្រ ២៤-កញ្ញា-២០២១ ១២:៣៣:៣០ ព្រឹក

ទីតាំងរោងការហ្វេបង្កប់ល្បែងស៊ីសងខុសច្បាប់ត្រូវអាជ្ញាធរសង្កាត់ចោមចៅទី២ចុះបង្ក្រាប

ទីតាំងរោងការហ្វេបង្កប់ល្បែងស៊ីសងខុសច្បាប់ត្រូវអាជ្ញាធរសង្កាត់ចោមចៅទី២ចុះបង្ក្រាប

ភ្នំពេញ​៖​ លោកវ៉ា សារ៉ង ចៅសង្កាត់ចោមចៅទី២​ បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពសង្កាត់ចុះបង្ក្រាបទីតាំងល្បែងស៊ីសងខុសច្បាប់មួយកន្លែងប្រភេទឡូតូនិងជល់មានតាមអនឡាញ​ កាលពីវេលាម៉ោង៤និង០០រសៀល.ថ្ងៃទី០៨ខែកញ្ញាឆ្នាំ២០២១​ នៅក្នុងភូមិជ្រៃកោង​ សង្កាត់ចោមចៅទី២​ ខណ្ឌពោធិ៍សែនជ័យ​ រាជធានីភ្នំពេញ​ ។ 

លោកចៅសង្កាត់បានឱ្យដឹងថា​ ដោយមានការបញ្ជាផ្ទាល់ពីលោក​ ឃួងស្រេង​ អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញឱ្យអាជ្ញាធរទាំង១៤ខណ្ឌបង្ក្រាបឱ្យអស់នូវល្បែងស៊ីសងខុសច្បាប់ដេីម្បីទប់ស្កាត់បទល្មេីសផ្សេងៗក្នុងមូលដ្ឋាននិងរក្សាសុវត្តិភាពជូនបងប្អូនប្រជាពលរដ្ឋ។ 

 

អាជ្ញាធរបន្តថា​ ក្រោយពីទទួលព័ត៌មានសំងាត់ពីបងប្អូនប្រជាពលរដ្ឋថា​ ទីតាំងរោងការហ្វេខាងលេីបានបង្កប់ល្បែងស៊ីសង​ខុសច្បាប់ប្រភេទឡូតូនិងជល់មាន់តាមអនឡាញ​ លោកក៏បានដឹកនាំកម្លាំងចុះបង្ក្រាបតែម្តង​ និងហៅម្ចាស់ទីតាំងធ្វេីកិច្ចសន្យាបញ្ឈប់សកម្មភាពលួចបេីកលេងល្បែងទាំងនេះតទៅទៀត៕