ថ្ងៃព្រហស្បតិ៍ ១៣-ឧសភា-២០២១ ០៣:២៨:០៧ ល្ងាច

ចំនួនមនុស្សស្លាប់ដោយសារកូវីដ-១៩ នៅប្រទេសប្រេស៊ីលកើនលើស ៤០០,០០០នាក់

ចំនួនមនុស្សស្លាប់ដោយសារកូវីដ-១៩ នៅប្រទេសប្រេស៊ីលកើនលើស ៤០០,០០០នាក់

៣០/០៤/២០២១

(រីយ៉ូ)៖ នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ ប្រទេសប្រេស៊ីលបានកត់ត្រា ចំនួនអ្នកជំងឺកូវីដ-១៩ ដែលបាត់បង់ជីវិតសរុប ៣,០០១នាក់ទៀត ដែលនាំឲ្យចំនួនករណីស្លាប់សរុប គិតចាប់តាំងពីជំងឺនេះរាតត្បាតដំបូង ក្នុងប្រទេសអាមេរិកឡាទីនមួយនេះ កើនឡើងរហូតដល់ ៤០១,១៨៦នាក់។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នាព្រឹកថ្ងៃសុក្រ ទី៣០ ខែមេសា ឆ្នាំ២០២១។

ប្រទេសប្រេស៊ីលដែលមានប្រជាជនសរុប ២១៣លាននាក់ ពេលនេះមិនត្រឹមតែកំពុងព្យាយាមទប់ស្កាត់ ការឆ្លងរាតត្បាត COVID-19 ក្នុងករណីធ្ងន់ធ្ងរ និងបញ្ជាទិញវ៉ាក់សាំងបង្ការជំងឺនេះ ឲ្យបានច្រើនបំផុតប៉ុណ្ណោះទេ តែរដ្ឋាភិបាលរបស់លោកប្រធានាធិបតី ហ្សែរ បូលសូណារ៉ូ ក៏កំពុងប្រឈមមុខនឹងការស៊ើបអង្កេតព្រឹទ្ធសភាផងដែរ អំពីការគ្រប់វិបត្តិ COVID-19 ដែលគ្មានប្រសិទ្ធភាព។

នៅក្នុងរយៈពេលមួយសប្តាហ៍ចុងក្រោយនេះ ចំនួនអ្នកស្លាប់ដោយ COVID-19 នៅប្រេស៊ីល គឺមិនសូវខុសពីនៅឥណ្ឌាប៉ុន្មានឡើយ ដោយជាមធ្យមអ្នកជំងឺជាង ២,៥០០នាក់បានបាត់បង់ជីវិតនៅក្នុងមួយថ្ងៃៗ។ បើតាមទិន្នន័យពីអង្គការសុខភាពពិភពលោក (WHO) ប្រេស៊ីលស្ថិតនៅក្នុងចំណោមប្រទេសចំនួន ១៥ ដែលមានអត្រាស្លាប់ខ្ពស់បំផុត ដោយសារជំងឺ COVID-19។

គួរបញ្ជាក់ថា បើគិតជាអត្រាស្លាប់វិញ ក្នុងចំណោមអ្នកឆ្លងជំងឺ ១០០,០០០នាក់នៅប្រេស៊ីល មាន ១៨៩នាក់ទៅហើយបាត់បង់ជីវិត។ គិតត្រឹមថ្ងៃព្រហស្បតិ៍សប្តាហ៍នេះប្រេស៊ីលមានករណីឆ្លង COVID-19 សរុប ១៤.៦លានករណី (ជាប់លេខ ៣ លើលោក) ក្នុងនោះស្លាប់ជាង ៤សែននាក់ (ជាប់លេខ ២ លើលោក) និងជាសះស្បើយឡើងវិញជាង ១៣លាននាក់៕