ថ្ងៃពុធ ១៤-មេសា-២០២១ ០៦:៤០:៥៥ ព្រឹក

អ្នកនាំពាក្យក្រសួងសុខាភិបាល បដិសេធនូវការលើកឡើងថា គ្រូពេទ្យម្នាក់ នៅអ្នកលឿង ស្លាប់ដោយសារជំងឺកូវីដ១៩

អ្នកនាំពាក្យក្រសួងសុខាភិបាល បដិសេធនូវការលើកឡើងថា គ្រូពេទ្យម្នាក់ នៅអ្នកលឿង ស្លាប់ដោយសារជំងឺកូវីដ១៩

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១២ ខែមីនានេះ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានប្រកាសបដិសេធនឹងការលើកឡើងថា លោកគ្រូពេទ្យម្នាក់ នៅអ្នកលឿង ស្រុកពាមរក៍ ខេត្តព្រៃវែង បានស្លាប់នៅព្រឹកថ្ងៃទី១២មីនានេះ ដោយជំងឺកូវីដ១៩។

សារជាសំឡេង​ពីមរណភាពរបស់លោក​គ្រូពេទ្យនេះ ត្រូវបានគេផ្សព្វផ្សាយតាមតេឡេក្រាម។ ប៉ុន្តែភ្លាមៗ លោកជំទាវ ឱ វណ្ណឌីន បានឆ្លើយថា «មិនពិតទេណា។ គាត់កំពុងតែសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នៅឡើយទេ»។​

សូមរម្លឹកថា លោកគ្រូពេទ្យ អ៊ឹម សុភី បម្រើការងារនៅមន្ទីរពេទ្យបង្អែក អ្នកលឿង និងបានបើក​គ្លីនិក​ពិនិត្យ​ព្យាបាលជំងឺនៅផ្ទះ ត្រូវបានរកឃើញឆ្លងជំងឺកូវីដ១៩ កាលពីថ្ងៃទី៦ ខែមីនា។ ក្រោយមក ក៏មាន​រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ជាបន្តបន្ទាប់ ក្នុងនោះ មានទាំងកូនប្រសារប្រុស​របស់លោកម្នាក់ផង ដែលជានាយទាហាន បម្រើការងារនៅខុទ្ទកាល័យ​​អគ្គបញ្ជាការដ្ឋាន​កងទ័ពនៃកងយោធពលខេមរភូមិន្ទ​ផងដែរ​។

កាលពីព្រឹក​ថ្ងៃទី១១មីនា អ្នកជំងឺកូវីដ១៩ម្នាក់ ជាជនជាតិខ្មែរ អាយុ ៥០ឆ្នាំ មានអាសយដ្ឋាននៅសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ បានស្លាប់ដោយសារជំងឺកូវីដ១៩ នៅពេលសម្រាក​ព្យាបាល នៅមន្ទីរពេទ្យ​មិត្តភាពខ្មែរ-សូវៀត​។​

ក្រោយមរណភាពរបស់​អ្នកជំងឺ​កូវីដ១៩ លើកដំបូង នៅកម្ពុជា លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រួសួងសុខាភិបាល បានប្រាប់អ្នកកាសែតថា មានអ្នកជំងឺកូវីដ១៩ មួយចំនួនទៀត ក៏ស្ថិតក្នុងស្ថានភាព​ មិនសូវជាល្អប៉ុន្មានទេ។ ប៉ុន្តែក្រុមគ្រូពេទ្យ​ ក៏កំពុងខ្នះខ្នែង​ជួយ​សង្គ្រោះ ឲ្យអស់ពីលទ្ធភាព​ផងដែរ​៕

By Swift News Daily