ថ្ងៃអង្គារ ២៤-វិច្ឆិការ-២០២០ ១១:១២:១៨ ព្រឹក

ព័ត៌មានលម្ពិត ជុំវិញដំណើរទស្សនកិច្ចរបស់ប្រមុខការទូតហុងគ្រី មកកាន់ប្រទេសកម្ពុជា (Video & Photos inside)

ព័ត៌មានលម្ពិត ជុំវិញដំណើរទស្សនកិច្ចរបស់ប្រមុខការទូតហុងគ្រី មកកាន់ប្រទេសកម្ពុជា (Video & Photos inside)

(ភ្នំពេញ)៖ លោក ភីធើ ស៊ីចាតូ (Péter Szijjártó) រដ្ឋមន្រ្តីការបរទេស និងពាណិជ្ជកម្ម នៃប្រទេសហុងគ្រី បានដឹកនាំគណៈប្រតិភូ មកដល់ប្រទេសកម្ពុជា នៅវេលាម៉ោង៦៖៤៥នាទីព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ដើម្បីបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា រយៈពេល១ថ្ងៃ តបតាមការអញ្ជើញរបស់ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជា។

លោក ភីធើ ស៊ីចាតូ ជារដ្ឋមន្រ្តីការបរទេស នៃប្រទេសជាមិត្តទី៣ ដែលបានមកដល់កម្ពុជា អំឡុងពេលនៃការរីករាលដាលជំងឺកូវីដ១៩ បន្ទាប់ពីរដ្ឋមន្រ្តីក្រសួងការបរទេសជប៉ុន លោក ម៉ូតេហ្គី តូស៊ីមីត្សឹ កាលពីខែសីហា ឆ្នាំ២០២០ និងរដ្ឋមន្រ្តីក្រសួងការបរទេសចិន លោក វ៉ាង យី កាលពីខែតុលា ឆ្នាំ២០២០ កន្លងទៅនេះ។

អំឡុងពេលមកដល់ប្រទេសកម្ពុជា លោក ភីធើ ស៊ីចាតូ បានចាប់ផ្តើមជួបពិភាក្សាការងារក្នុងកិច្ចប្រជុំចង្អៀតមួយជាមួយ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នៅវេលាម៉ោង៩ព្រឹក ដើម្បីពិភាក្សាលើកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងវិស័យនានា ព្រមទាំងបញ្ហាតំបន់ និងអន្តរជាតិ ដែលជាប្រយោជន៍ និងកង្វល់រួមផងដែរ។

ក្រោយបញ្ចប់កិច្ចប្រជុំចង្អៀត ប្រមុខការទូតប្រទេសទាំងពីរបានធ្វើសន្និសីទកាសែត ដោយក្នុងសន្និសីទនេះ ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានថ្លែងថា ហុងគ្រីដែលជាសមាជិកមួយរបស់អឺរ៉ុប គឺជាមិត្តដ៏ជិតស្និទ្ធមួយរបស់កម្ពុជា។ នៅចំពោះមុខ លោក ភីធើ ស៊ីចាតូ (Péter Szijjártó) បានគូសបញ្ជាក់ដូច្នេះថា៖ «ហុងគ្រីបានផ្តល់នូវជំនួយ និងការគាំទ្រមកដល់កម្ពុជា នៅពេលដែលប្រទេសយើងកំពុងត្រូវការជំនួយជាចាំបាច់ បន្ទាប់ពីងើបផុតពីភ្លើងសង្រ្គាមនៃរបបខ្មែរក្រហម។ ទ័ពមួកខៀវហុងគ្រី បានបញ្ជូនមកកម្ពុជាក្រោមឆត្រ័របស់អជ្ញាធរបណ្តោះអាសន្នរបស់អង្គការសហប្រជាជាតិនៅកម្ពុជា (UNTAC)។
ជំហររបស់ហុងគ្រី លើការដកប្រព័ន្ធអនុគ្រោះពន្ធ EBA គឺជាឧទាហរណ៍មួយទៀត ដែលសរបញ្ជាក់អំពីមិត្តដែលយល់ពីស្ថានភាពរបស់កម្ពុជា ហើយក្លាហានក្នុងការគាំទ្រកម្ពុជាឱ្យទទួលបានយុត្តិធម៌ ដើម្បីឆ្ពោះទៅរកលិទ្ធិប្រជាធិបតេយ្យប្រកបដោយសន្តិភាព និងការអភិវឌ្ឍប្រកប ដោយចីរភាព។ ចំពោះការខិតខំប្រឹងប្រែងទាំងអស់នេះ ខ្ញុំសូមអរគុណឯកឧត្តមរដ្ឋមន្រ្តី និងប្រទេសហុងគ្រី»។

ភាគីទាំងពីរ បានអះអាងអំពីការត្រៀមរៀបចំព្រះរាជដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ ព្រះករុណា ព្រះបាទសម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា យាងទៅកាន់ប្រទេសហុងគ្រី នាឆមាសទី២ នៃឆ្នាំ២០២១ ឬនៅឆមាសទី១ នៃឆ្នាំ២០២២ ខាងមុខនេះ។

ជាមួយគ្នានេះ លោក ភីធើ ស៊ីចាតូ (Péter Szijjártó) បានសម្តែងភាពរីករាយចំពោះទំនាក់ទំនងកម្ពុជា-ហុងគ្រី ដោយតែងតែផ្អែកលើការគោរពគ្នាទៅវិញទៅមក ដោយលោកលើកឡើងថា យើងនឹងបន្តធ្វើបែបនេះតទៅទៀត យើងបានត្រៀមខ្លួនរួចជាស្រេច ដើម្បីធ្វើជាស្ពាននៃកិច្ចសហប្រតិបត្តិការរវាងសហភាពអឺរ៉ុប និងកម្ពុជា ព្រោះយើងជឿថានយោបាយមិនគួរលាយឡំ ជាមួយនឹងតថភាពសេដ្ឋកិច្ច និងពាណិជ្ជកម្មឡើយ។ លោកបញ្ជាក់ទៀតថា រដ្ឋាភិបាលហុងគ្រី បាននិងកំពុងអនុវត្តគោលនយោបាយមួយ ដែលភ្ជាប់សារៈសំខាន់យ៉ាងខ្លាំង ដល់កិច្ចសហប្រតិបត្តិការរបស់យើង ជាមួយបណ្តាប្រទេសនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលជាតំបន់មួយដែលកំពុងមានការរីកចម្រើន គួរឲ្យកត់សម្គាល់នៅក្នុងពិភពលោក។

រដ្ឋាភិបាលហុងគ្រី បានប្រកាសថា ខ្លួនសម្រេចបង្កើនការផ្តល់អាហាររូបករណ៍ទ្វេដង ដល់និស្សិតកម្ពុជា ដើម្បីទៅសិក្សាតាមសាកលវិទ្យាល័យនានា នៅក្នុងប្រទេសសមាជិកសហភាពអឺរ៉ុបមួយនេះ។ លោក ភីធើ ស៉ីចាតូ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «យើងជឿជាក់លើទំនាក់ទំនងរវាងប្រជាជន និងប្រជាជននៃប្រទេសទាំងពីរ។ ដូចនេះហើយ ទើបយើងយល់ព្រមបង្កើនចំនួនអាហារូបករណ៍ ទ្វេដងជូននិស្សិតកម្ពុជា ដើម្បីទៅសិក្សាបន្តនៅសាកលវិទ្យាល័យនានា នៅក្នុងប្រទេសហុងគ្រី។ យើងនឹងបង្កើនចំនួនពី ១៥ ទៅដល់ ៣០អាហារូបករណ៍ក្នុងមួយឆ្នាំ»។

ក្រោយបញ្ចប់ជំនួប និងសន្និសីទកាសែត លោក ភីធើ ស៉ីចាតូ និងឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានអញ្ជើញសម្ពោធជាផ្លូវការនូវការិយាល័យ នៃស្ថានទូតហុងគ្រី ប្រចាំនៅប្រទេសកម្ពុជា។ កម្ពុជា និងប្រទេសហុងគ្រី បានភ្ជាប់ទំនាក់ទំនងការទូតជាមួយគ្នា នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ១៩៥៦។ ទំនាក់ទំនងការទូតនៃប្រទេសទាំងពីរ ត្រូវបានកាត់ផ្តាច់ក្នុងរបបខ្មែរក្រហមនាឆ្នាំ១៩៧៥។ នៅឆ្នាំ១៩៧៩ សាធារណរដ្ឋប្រជាមានិតកម្ពុជា និងប្រទេសហុងគ្រី បានភ្ជាប់ទំនាក់ទំនងការទូតជាថ្មីឡើងវិញ ក្នុងរយៈពេលនោះ គឺពីឆ្នាំ១៩៧៩ រហូតដល់ឆ្នាំ១៩៩៣ ប្រទេសហុងគ្រីបានផ្តល់ការឧបត្ថម្ភ គាំទ្រដល់អតីតរដ្ឋកម្ពុជា និងបានរួមចំណែកដល់ប្រតិបត្តិការរបស់អ៊ុនតាក់ ក្នុងប្រតិបត្តិការសន្តិភាពនៅកម្ពុជា។

បន្ទាប់ពីជួបជាមួយប្រមុខការទូតកម្ពុជា និងសម្ពោធការិយាល័យស្ថានទូតហុងគ្រីប្រចាំនៅកម្ពុជា អំឡុងបំពេញទស្សនកិច្ចផ្លូវការនេះ លោក ភីធើ ស៊ីចាតូ (Péter Szijjártó) បានបន្តចូលជួបជាមួយ លោក សួស យ៉ារ៉ា អនុប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភា និងជាតំណាងរាស្រ្តមណ្ឌលខេត្តព្រះវិហារ នៅវេលាម៉ោង១១៖០០នាទីព្រឹក ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០។ នៅក្នុងជំនួបនោះ លោក សួស យ៉ារ៉ា បានថ្លែងថា ទោះមានការរីករាលដាលនៃជំងឺឆ្លងកូវីដ១៩យ៉ាងណាក្តី តែជំងឺនេះមិនបានរំខានដល់ទំនាក់ទំនងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អ រវាងប្រទេសទំាងពីរកម្ពុជា-ហុងគ្រីនោះឡើយ។

បន្តមកទៀត លោក Peter Szijjarto បានបន្តជួបជាមួយ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីសម្តែងការគួរសម និងពិភាក្សាអំពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ លើវិស័យកសិកម្ម និងកសិពាណិជ្ជកម្មរវាងប្រទេសទាំងពីរនាពេលអនាគត។ លោក Peter Szijjarto បានថ្លែងថា កម្ពុជាមានវិស័យចំនួន៤សំខាន់ សម្រាប់ហុងគ្រីធ្វើការវិនិយោគនៅពេលអនាគតគឺ ទី១៖ ផលិតកម្មទឹកដោះ និងការកែច្នៃសាច់, ទី២៖ វារីវប្បកម្ម, ទី៣៖ការដាំដំណាំ និងសុវត្ថិភាពចំណីអាហារ និងទី៤៖ការប្រើប្រាស់ និងការគ្រប់គ្រងទឹក។

ជាមួយគ្នានេះ លោករដ្ឋមន្ត្រី បានជម្រាបជូន លោក ភីធើ ស៊ីចាតូ អំពីសក្តានុពល នៃវិស័យកសិកម្មកម្ពុជា សម្រាប់ធ្វើការអភិវឌ្ឍន៍ និងគោលនយោបាយរបស់រាជរដ្ឋាភិបាល គោលនយោបាយ និងផែនការអភិវឌ្ឍវិស័យកសិកម្មរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទឆ្នាំ២០១៩-២០២៣ និងបរិយាកាសនៃការវិនិយោគលើវិស័យកសិកម្មនាពេលបច្ចុប្បន្ន។ លោកបានរំលេចជូនភ្ញៀវអំពីសក្តានុពលវិនិយោគលើផលិតកម្មដំណាំ សម្រាប់ធ្វើការនាំចេញមានដូចជាដំណាំស្រូវ ស្វាយ ដំឡូងមី ស្វាយចន្ទី ថ្នាំជក់ និងផលិតកម្មវារីវប្បកម្មផងដែរ។ ជាក់ស្តែង ក្នុងឆ្នាំ២០២០ កម្ពុជាបាននាំអង្គរចេញទៅប្រទេសហុងគ្រីបានចំនួន ១,៨៣៩តោន និងថ្នាំជក់បាន ១១៨តោន។

បន្ទាប់ពីបញ្ចប់ជំនួបនេះ លោក ភីធើ ស៊ីចាតូ បានត្រឡប់មកចូលរួមទទួលទានអាហារថ្ងៃត្រង់ ដែលរៀបចំទទួលស្វាគមន៍ដោយ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន នៅសណ្ឋាគារ Raffles Le Royal មុននឹងបន្តបេសកកម្មរបស់លោកថែមទៀត។

នៅម៉ោង២៖០០នាទីរសៀល ថ្ងៃទី៣ ខែវិច្ឆិកាដដែលនេះ លោក ភីធើ ស៊ីចាតូ (Péter Szijjártó) បានបន្តបេសកកម្មរបស់លោក ដោយជួបពិភាក្សាការងារជាមួយ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជា នៅទីស្តីការក្រសួងពាណិជ្ជកម្ម។ រដ្ឋមន្រ្តីពាណិជ្ជកម្មកម្ពុជា បានលើកឡើងពីវឌ្ឍនភាព នៃទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគី រវាងប្រទេសទាំងពីរ ដែលទោះបីនៅមានចំនួនតិចនៅឡើយ ប៉ុន្តែមានសក្ដានុពលខ្ពស់ ក្នុងការពង្រីកកាន់តែច្រើនឡើង តាមរយៈការរៀបចំវេទិកាធុរកិច្ច និងវិនិយោគ និងការតាំងពិព័រណ៍មុខទំនិញ ដោយចូលរួមយ៉ាងសកម្មពីវិស័យឯកជននៃប្រទេសទាំងពីរ និងលើកទឹកចិត្តក្រុមហ៊ុនហុងគ្រី ឲ្យវិនិយោគលើការកែច្នៃម្ហូបអាហារ ដើម្បីទទួលប្រយោជន៍ទីផ្សារ ពីកិច្ចព្រមព្រៀងពាណិជ្ជកម្ម ដែលកម្ពុជាមាននាពេលបច្ចុប្បន្ន និងពេលអនាគត។

ជាមួយគ្នានេះ រដ្ឋមន្ត្រីការបរទេសនិងពាណិជ្ជកម្មហុងគ្រី បានគូសបញ្ជាក់ពីគោលបំណង ក្នុងដំណើរទស្សនកិច្ចរបស់លោក រួមមាន៖

១៖ ជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-ពាណិជ្ជកម្មឲ្យកាន់តែស៊ីជម្រៅ
២៖ ការចុះហត្ថលេខាលើអនុស្សរណៈចំនួន២ (វិស័យកសិកម្ម និងគ្រប់គ្រងធារាសាស្រ្ត) និងកិច្ចព្រមព្រៀងចំនួន ១ ស្តីពីសេវាកម្មអាកាសចរណ៍
និង៣៖ ការបង្ហាញពីការគាំទ្រពេញទំហឹងចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ (ASEM13)។

ភាគីទាំងពីរបានប្តេជ្ញាចិត្តថា នឹងបន្តកិច្ចសហប្រតិបត្តិការ ដើម្បីសម្រេចបាននូវគោលដៅរួមនៃការបង្កើនទំហំពាណិជ្ជកម្ម។ ភាគីទាំងពីរ ក៏បានបង្ហាញពីភាពសោមន្សក្នុងការត្រៀមរៀបចំកិច្ចប្រជុំលើកទី១ នៃគណៈកម្មការចម្រុះនៃកិច្ចសហប្រតិបត្តិការលើ វិស័យសេដ្ឋកិច្ចរវាងកម្ពុជា-ហុងគ្រី ដែលគ្រោងនឹងរៀបចំនៅថ្ងៃទី៣០ ខែវិច្ឆិកា និងថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០ នៅប្រទេសកម្ពុជាផងដែរ។

បន្ទាប់ពីបញ្ចប់ជំនួបជាមួយរដ្ឋមន្រ្តី៣រូប និងសមាជិកសភាមួយរូប លោក ភីធើ ស៊ីចាតូ បានចូលជួបសម្តែងការគួរសមជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។

នៅក្រោយជំនួបសម្តែងការគួរសមនេះ កម្ពុជា-ហុងគ្រី បានចុះហត្ថលេខាលើឯកសារសំខាន់ៗចំនួន៣ ក្រោមអធិបតីភាព សម្តេចតេជោនាយករដ្ឋមន្រ្តី ក្នុងនោះមានឯកសារដូចជា៖

១៖ កិច្ចព្រមព្រៀងស្តីពីសេវាដឹកជញ្ជូនតាមផ្លូវអាកាសចរ រវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលហុងគ្រី

២៖ អនុស្សរណៈនៃការយោគយល់គ្នាស្តីពីការគ្រប់គ្រងធនធានទឹក រវាងក្រសួងធនធានទឹក និងឧតុនិយមនៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងមហាផ្ទៃហុងគ្រី

៣៖ អនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម រវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងកសិកម្មហុងគ្រី

បន្ទាប់ពីបញ្ចប់ទស្សនកិច្ចនេះ ប្រមុខការទូតហុងគ្រី បានចាកចេញពីប្រទេសកម្ពុជា នៅវេលាម៉ោង៥៖៣៥នាទីល្ងាច ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០ ដោយលោកត្រូវបន្តដំណើរទៅបំពេញទស្សនកិច្ចនៅប្រទេសថៃ។

ដំណើរទស្សនកិច្ចផ្លូវការរបស់ លោក ភីធើ ស៊ីចាតូ បានបន្តពង្រីក និងពង្រឹងបន្ថែមទៀតនូវ ទំនាក់ទំនងមិត្តភាពជាប្រពៃណីដ៏ជិតស្និទ្ធ និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង២ កម្ពុជានិងហុងគ្រី។

ហុងគ្រី ជាប្រទេសតូចមួយនៅអឺរ៉ុប ដែលចេញមុខការពារកម្ពុជា ជំទាស់ចំពោះការព្រមានរបស់អឺរ៉ុប ដើម្បីដកប្រព័ន្ធអនុគ្រោះពន្ធ EBA ពីប្រទេសកម្ពុជា កាលពីឆ្នាំមុន។ ជាមួយគ្នានេះ អំឡុងពេលដែលកម្ពុជា ត្រូវបានគំរាមកំហែងដោយប្រទេសមួយចំនួន នៅក្នុងសហភាពអឺរ៉ុប ហុងគ្រីបានបោះដៃបង្កើនទំនាក់ទំនងកាន់តែខ្លាំងក្លាជាមួយកម្ពុជា ដោយរៀបចំឱ្យមានទំនាក់ទំនងថ្នាក់ដឹកនាំកំពូលទៅវិញទៅមក។

ហុងគ្រី គឺជាប្រទេសមួយស្ថិតនៅចំកណ្ដាលទ្វីបអឺរ៉ុប (អឺរ៉ុបកណ្ដាល) ហើយមិនមានព្រំដែន ជាប់សមុទ្រនោះទេ។ ហុងគ្រី គឺជាប្រទេសជាប់ចំណាត់ថ្នាក់ទី៤៨ ក្នុងនាមជាប្រទេសមានសេដ្ឋកិច្ចប្រកួតប្រជែងខ្លាំងជាងគេបំផុតនៅលើពិភពលោក។ ចំណែកឯផលិតផលនៅក្នុងស្រុកសរុប ឬ GDP គឺ ១១៥,៧០៣ពាន់លានដុល្លារ ជាមួយកំណើន ៤.៩ភាគរយ (ទិន្នន័យឆ្នាំ២០១៨) ខណៈកំណើនក្នុងឆ្នាំ២០១៩ នេះមានអត្រា ៣.៥ភាគរយ។ GDP សម្រាប់ប្រជាជនក្នុងម្នាក់ ប្រទេសហុងគ្រីជាប់ចំណាត់ថ្នាក់លេខ៥២ ដោយប្រជាជនម្នាក់អាចរកចំណូលបាន ១៥,៩២៣ដុល្លារក្នុងមួយឆ្នាំ។ ដោយឡែកសេដ្ឋកិច្ចប្រទេសហុងគ្រី វិញពឹងផ្អែកសំខាន់លើ វិស័យដូចជា រ៉ែ អេឡិចត្រូនិក វាយនភណ្ឌ និងព័ត៌មានវិទ្យាជាដើម។ ហុងគ្រីបានក្លាយជាសមាជិកអង្គការណាតូ នៅឆ្នាំ១៩៩៩ និងសមាជិកសហភាពអឺរ៉ុប នៅឆ្នាំ២០០៤ ហើយក៏ជាសមាជិកអង្គការសហប្រជាជាតិ និងធនាគារពិភពលោកផងដែរ៕

by https://freshnewsasia.com/