ថ្ងៃអង្គារ ២៤-វិច្ឆិការ-២០២០ ១០:៣៨:៥១ ព្រឹក

វិញ្ញាបនបត្រសំគាល់ម្ចាស់អចលនវត្ថុចំនួន ៦៤១ប័ណ្ណ ត្រូវបានចែកជូនប្រជាពលរដ្ឋនៅឃុំគោលាប់ ស្រុកចិត្របុរី

វិញ្ញាបនបត្រសំគាល់ម្ចាស់អចលនវត្ថុចំនួន ៦៤១ប័ណ្ណ ត្រូវបានចែកជូនប្រជាពលរដ្ឋនៅឃុំគោលាប់ ស្រុកចិត្របុរី

(ក្រចេះ)៖ លោក ហឿ ស៊ីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្តក្រចេះ នៅថ្ងៃទី៣ ខែវិច្ឆកា ឆ្នាំ២០២០ បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់វិញ្ញាបនបត្រសំគាល់ម្ចាស់អចលនវត្ថុចំនួន ៦៤១ ប័ណ្ណស្មើនិង៤០៥គ្រួសារ ត្រូវបានចែកជូនប្រជាពលរដ្ឋជាម្ចាស់ដីនៅភូមិកំបោរ ក្នុងឃុំគោលាប់ ស្រុកចិត្របុរី ដោយមានការអញ្ជើញចូលរួមពីលោក លោកស្រីតាមបណ្ដាមន្ទីរ អង្គភាព កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ និងអាជ្ញាធរ ស្រុកឃុំផងដែរ។

លោក យិន បុទុម អនុប្រធានមន្ទីររៀបចំដែនដី នគរូបនីកម្មសំណង់ និងសុរិយោដីខេត្តក្រចេះ បានឲ្យដឹងផងដែរថា គម្រោងបានធ្វើការចែកប័ណ្ណជូនប្រជាពលរដ្ឋនៅភូមិកំបោរ ក្នុងឃុំគោលាប់ ស្រុកចិត្របុរី មានសរុបចំនួន៤០៥គ្រួសារ ស្មើនិង ៦៤១ប័ណ្ណ។

លោកអនុប្រធានមន្ទីររូបនេះ បានបន្ថែមទៀតថា ចំពោះបណ្ណសម្គាល់សិទ្ធិ កាន់កាប់ប្រើប្រាស់ដីធ្លីចាស់ ប្រភេទបណ្ណស្លាបមាន់ ដែលចេញដោយរដ្ឋបាលសុរិយាដីកន្លងទៅ ត្រូវអស់សុពលភាព តាមផ្លូវច្បាប់ចាប់ពីថ្ងៃនេះតទៅ។ ជាក់ស្តែងការប្រគល់បណ្ណសម្គាល់ដីធ្លីនៅពេលនេះ គឺធ្វើឡើងបន្ទាប់ពីវាស់វែង ចុះបញ្ជីប្លង់ជាប្រព័ន្ធ និងបិទផ្សាយឯកសារនៃការវិនិច្ឆ័យដីធ្លីរួចមកហើយ។

ក្នុងឱកាសនោះលោក ហឿ ស៊ីយ៉ែម បានថ្លែងថា ការចុះបញ្ជីដីធ្លីលក្ខណជាប្រព័ន្ធនេះធ្វើឡើងទូទាំងខេត្ត មិនថាតែដីរដ្ឋ ឬឯកជននោះទេ ដោយម្ចាស់អចលនទ្រព្យ ចូលរួមសហការ និងមានឯកសារគោលសម្គាល់ទទួល ស្គាល់ពីអាជ្ញាធរពាក់ព័ន្ធទៅតាមដំណាក់កាលនីមួយៗ ដើម្បីផ្តល់ប្រយោជន៍ដល់ម្ចាស់ដីធ្លីទាំងនោះមានសិទ្ធិពេញលេញ ក្នុងការកាន់កាប់ គ្រប់គ្រងដោយស្របតាមច្បាប់មានចែង។

លោកប្រធានក្រុមប្រឹក្សាខេត្ត ក៏បានជម្រាបជូនពីសិទ្ធស្របច្បាប់របស់ប្រជាពលរដ្ឋដែលរាជរដ្ឋាភិបាលកម្ពុជាបានផ្ដល់ជូនការគ្រប់គ្រងដី ការអាស្រ័យផល សិទ្ធប្រើប្រាស់លើដី និង សិទ្ធក្នុងចាត់ចែងលើដីរបស់ខ្លួន។

ការផ្ដល់កម្មសិទ្ធជូនប្រជាពលរដ្ឋនាពេលនេះគឺជាគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការរួមចំណែកជំរុញ និងលើកទឹកចិត្តឲ្យប្រជាពលរដ្ឋខិតខំបង្កើនផលិតភាព ក៏ដូចជាការវិនិយោគ ក្នុងវិស័យកសិកម្មឲ្យកាន់តែមានការកើនឡើងថែមទៀត។

ម្យ៉ាងទៀត ការផ្ដល់ប័ណ្ណកម្មសិទ្ធជូនប្រជាពលរដ្ឋនាពេលនេះក៏ជាការរួមចំណែកជួយដោះស្រាយបញ្ហាទំនាស់ដីធ្លីរវាងប្រជាពលរដ្ឋ និងប្រជាពលរដ្ឋ រវាងក្រុមហ៊ុនដែលកន្លងមកបញ្ហានេះ តែងតែកើតឡើង ធ្វើឲ្យប៉ះពាល់ដល់ជីវភាពរបស់ប្រជាពលរដ្ឋបង្កភាពស្មុគស្មាញយ៉ាងខ្លាំងដល់អាជ្ញាធរមានសមត្ថកិច្ច។

លោកបានបន្តទៀតថា ការធ្វើឲ្យមានភាពច្បាស់លាស់ដល់ការកាន់កាប់ដីធ្លីរបស់បងប្ងូនប្រជាពលរដ្ឋនេះ សបញ្ជាក់ឲ្យឃើញយ៉ាងច្បាស់នូវនយោបាយឈ្នះឈ្នះរបស់រាជរដ្ឋាភិបាល លើវិស័យដីធ្លីក្នុងការផ្ដល់សម្បទានសេដ្ឋ កិច្ចដល់ក្រុមហ៊ុនវិនិយោគសំដៅជំរុញឲ្យផ្នែកឯកជនបានរួមចំណែកអភិវឌ្ឍន៍មូលដ្ឋានកាន់តែមានប្រសិទ្ធភាព និងផ្ដល់ផលប្រយោជន៏ដល់ប្រជាពលរដ្ឋរស់នៅយ៉ាងពិតប្រាកដ៕

B

by https://freshnewsasia.com/