ថ្ងៃអង្គារ ២៤-វិច្ឆិការ-២០២០ ១០:០១:២៣ ព្រឹក

រដ្ឋមន្ត្រីក្រសួងវប្បធម៌ អះអាងថា ការស្លៀកពាក់សិចស៊ី តាមបណ្តាញសង្គមមានការថយចុះជាងមុន, ក្រសួងបន្ដព្រមានហៅមកណែនាំបើសិនឃើញមានអ្នកប្រព្រឹត្ដខុសឆ្គង

រដ្ឋមន្ត្រីក្រសួងវប្បធម៌ អះអាងថា ការស្លៀកពាក់សិចស៊ី តាមបណ្តាញសង្គមមានការថយចុះជាងមុន, ក្រសួងបន្ដព្រមានហៅមកណែនាំបើសិនឃើញមានអ្នកប្រព្រឹត្ដខុសឆ្គង

(ភ្នំពេញ)៖ លោកស្រី ភឿង សក្កុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ បានកត់សម្គាល់ថា មួយរយៈចុងក្រោយនេះ ការស្លៀកសំលៀកបំពាក់សិចស៊ីរបស់ស្ត្រី នៅតាមបណ្តាញសង្គម ហាក់មានការថយចុះជាងមុន ខណៈដែលក្រសួងនៅតែបន្ដហៅមកណែនាំបើសិនជារកឃើញមានអ្នកប្រព្រឹត្ដខុសឆ្គង។

ការថ្លែងកត់សម្គាល់យ៉ាងដូច្នេះរបស់រដ្ឋមន្ត្រីក្រសួងវប្បធម៌ បានធ្វើឡើងឱកាសអញ្ជើញជាអធិបតី ក្នុងសិក្ខាសាលាស្តីពីការលើកកម្ពស់សីលធម៌សង្គម តម្លៃស្ត្រីខ្មែរ និងគ្រួសារខ្មែរ ក្រោមប្រធានបទ «តួនាទីអ្នកផ្សព្វផ្សាយសីលធម៌សង្គម» នៅព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០នេះ នាទីស្តីការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។

រដ្ឋមន្ត្រីក្រសួងវប្បធម៌ លោកស្រី ភឿង សក្កុណា បានបញ្ជាក់យ៉ាងដូច្នេះថា «យើងសង្កេតឃើញថា ឥឡូវហ្នឹងដូចរាងគ្រាន់ជាងមុន គ្រាន់ជាងមុនបន្តិចអារឿង តាមបណ្តាញសង្គមរឿងស៊ិចស៊ី គាត់ថាគាត់មានសេរីភាព តែបើជ្រុលពេកក៏មិនត្រូវដែរ តាមពិតយើងមិនតឹងតែងហួសពេកដែរ ខ្ញុំមិនមែនឲ្យមនុស្សស្រីទៅស្លៀកសំពត់បត់អាវដៃវែងរហូតទេ តែកុំឲ្យវាជ្រុលហួសព្រោះវាប៉ះគេប៉ះឯងដែរ»

លោកស្រីរដ្ឋមន្ដ្រី បានបន្តថា ក្រសួងមិនមែនចេះតែហៅមកព្រមាននោះទេ ទាល់តែដល់កម្រិតមួយដែលជ្រុលហួសហេតុ ទើបក្រសួងហៅមកធ្វើការអប់រំណែនាំ ហើយបើនៅតែមិនស្តាប់ម្តងជាពីដង ទើបឈានទៅដល់ការដាក់វិន័យ ព្រោះជួនកាលជាកំហុសដោយអចេតនា។

«ខ្ញុំឯណានឹកឃើញសុខៗ ទៅហៅសិល្បៈករមកព្រមាននោះ វាទាល់តែដល់កម្រិតមួយ ហើយម្យ៉ាងទៀតរឿងក្រសួងវប្បធម៌ មិនដែលចាក់ពិបឡើង ដាក់ទណ្ឌកម្មទេ តែងហៅមកអប់រំជាមុនសិន យកការអប់រំជាគោល ឃើញខុសហៅគ្នាមកអប់រំសិន ជួនកាលគ្នាធ្វើដោយមិនដឹង ដោយភ្លេចខ្លួន ប៉ុន្តែនៅពេលអប់រំម្តងជាពីរដង នៅដដែល មានន័យថា មិនមែនមិនដឹងទេដឹង ប៉ុន្តែនៅតែផ្គើនអាហ្នឹងបានឈានទៅដល់វិន័យ»។ នេះជាការលើកឡើងរបស់ លោកស្រីរដ្ឋមន្ត្រី។

ពាក់ព័ន្ធករណីនេះ លោកស្រីក៏បានបដិសេធផងដែរ ដែលទូរទស្សន៍បរទេសមួយ ចោទថា ក្រសួងរឹតត្បិតសិទ្ធសេរីភាពរបស់សិល្បករ ដែលត្រង់ចំណុចនេះ លោកស្រីសុំច្រានចោលទាំងស្រុង ព្រោះមិនមានរឿងបែបនេះទេ។

គួរបញ្ជាក់ថា គោលបំណងរបស់សិក្ខាសាលានេះ គឺស្វែងរកចំណុចរួមសម្រាប់ការលើកកម្ពស់សមភាពយេនឌ័រ ដោយមានទិសដៅចំនួន៣សំខាន់ៗ ដូចជា៖ បន្តបង្កើនចំនួនស្រ្តីទាំងបរិមាណ និងគុណភាព, ធ្វើការផ្សព្វផ្សាយគ្រប់បណ្តាញ ពាក់ព័ន្ធការលើកម្ពស់ស្រ្តី និងការទប់ស្កាត់ការផ្សព្វផ្សាយ និងចែកវីដេអូដែលប៉ះពាល់ដល់សង្គម៕

By https://freshnewsasia.com/