ថ្ងៃអង្គារ ២៤-វិច្ឆិការ-២០២០ ១១:២០:០៥ ព្រឹក

ប្រជាពលរដ្ឋជិត៦០០គ្រួសារ នៅស្រុកឆែប ខេត្តព្រះវិហារ ទទួលបានបណ្ណកម្មសិទ្ធដីធ្លី, អភិបាលខេត្ត៖ ការទន្រ្ទានកាន់កាប់ដីរដ្ឋ ត្រូវហាមជាដាច់ខាតព្រោះជាអំពើខុសច្បាប់

ប្រជាពលរដ្ឋជិត៦០០គ្រួសារ នៅស្រុកឆែប ខេត្តព្រះវិហារ ទទួលបានបណ្ណកម្មសិទ្ធដីធ្លី, អភិបាលខេត្ត៖ ការទន្រ្ទានកាន់កាប់ដីរដ្ឋ ត្រូវហាមជាដាច់ខាតព្រោះជាអំពើខុសច្បាប់

(ព្រះវិហារ)៖ លោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ បានប្រាប់ប្រជាពលរដ្ឋកុំឲ្យចូលកាន់កាប់ទន្រ្ទានដីរដ្ឋ បោះបង្គោលលើដីរដ្ឋថ្មីៗ ដែលជាអំពើខុសច្បាប់គឺត្រូវបានហាមឃាត់ដាច់ខាត។

អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធរួមនិងកងកម្លាំងប្រដាប់អាវុធ ត្រូវអនុវត្តតាមច្បាប់លិខិតបទដ្ឋានគតិយុត្តជាធរមាន ព្រមទាំងបទបញ្ជារបស់រាជរដ្ឋាភិបាល ប្រកបដោយប្រសិទ្ធភាព និងមានមនសិការទទួលខុសត្រូវខ្ពស់ ដើម្បីថែរក្សាទ្រព្យសម្បត្តិធម្មជាតិរបស់ប្រទេសជាតិឲ្យមានចីរភាពតជំនាន់ទៅអនាគត។

ក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋចំនួន៥៨៣គ្រួសារ ស្មើនិង៨៣១ក្បាលដីនៅភូមិឆែបកើត ឃុំឆែបមួយ ស្រុកឆែប ខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០នេះ លោកប្រាក់ សុវណ្ណ បានថ្លែងថា វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ដែលត្រូវចែកជូនប្រជាពលរដ្ឋនៅថ្ងៃនេះ ជាលទ្ធផលនៃការអនុវត្តកម្មវិធីអនុវិសយ័រដ្ឋបាលដីធ្លី លើការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ។

ក្នុងយុទ្ធនាការអនុវត្តនយោបាយចាស់សកម្មភាពថ្មីលើវិសយ័ដីធ្លីកន្លងទៅ សម្រាប់ខេត្តព្រះវិហារ ជាជំហានមួយថ្មី នៃការកែទម្រង់ដីធ្លីដ៏ស៊ីជម្រៅដើម្បីដោះស្រាយស្ថានភាព នៃការកាន់កាប់ដីធ្លី ឲ្យមានសុវត្ថិភាពរឹងមាំ ធ្វើឲ្យកសិករមានដីកសិកម្មដើម្បីធ្វើអាជីវកម្ម លើកកម្ពស់ជីវភាពរស់នៅ ដែលជាគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយភាពក្រីក្រ និងជំរុញកំណើនសេដ្ឋកិច្ចជាតិ។

លោកអភិបាលខេត្ត បានថ្លែងយ៉ាងដូច្នេះទៀតថា គ្មានបុគ្គលណាមួយត្រូវបានគេដកហូតកម្មសិទ្ធដីធ្លីរបស់ខ្លួនបានទេ ប្រសិនបើការដកហូតនោះមិនមែនដើម្បីប្រយោជន៍សាធារណៈ។ ការដកហូតត្រូវធ្វើទៅតាមច្បាប់ និងបទបញ្ជា បន្ទាប់ពីបានផ្តល់សំណងជាមុនដោយសមរម្យនិងយុត្តិធម៌។ ក្នុងន័យនេះលោកថា ចាប់ពីពេលនេះតទៅប្រជាពលរដ្ឋរបស់យើង ទទួលបាននូវសុវត្ថិភាព នៃការកាន់កាប់ដីធ្លីរបស់ខ្លួន បាតុភាពរំលោភបំពានដីធ្លីដែលធ្លាប់ជួបប្រទះកន្លងមកត្រូវបានបញ្ចប់ជាស្ថាពរ។

ជាមួយគ្នានេះដែរ លោកអភិបាលខេត្តព្រះវិហារ បានណែនាំឲ្យអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ត្រូវរួមគ្នាធ្វើការសម្របសម្រួលឲ្យអស់លទ្ធភាព ទាំងក្នុងយន្តការ និងក្រៅយន្តការមុន នឹងបញ្ជូនមករដ្ឋបាលខេត្ត នៅពេលមានករណីទំនាស់ដីធ្លីកើតឡើងក្នុងមូលដ្ឋាន។ រាល់ការកាប់រានបែបអនាធិបតេយ្យ ឫការទាមទាដីធ្លីដែលមិនបានកាន់កាប់ប្រើប្រាស់ជាក់ស្តែង ដោយគ្រាន់តែសំអាងមូលហេតុផ្សេងៗ គឺពុំអាចដោះស្រាយឲ្យបានទេ។

ក្នុងជំហានទី២ រាជរដ្ឋាភិបាលមានកម្មវិធីរៀបចំផ្តល់ដីសម្បទានសង្គមកិច្ច ក្នុងលក្ខណៈប្រក្រតីបន្តទៀត ដោយជំរុញល្បឿនកាន់តែខ្លាំងថែមទៀត សម្រាប់គ្រួសារអតីតយុទ្ធជន យុទ្ធជនពិការ យុទ្ធជន និងគ្រួសារ និងប្រជាជនក្រីក្រដែលខ្វះខាតដីពិតប្រាកដ។ ដូច្នេះចំពោះករណីការចូលទន្ទ្រានដីរដ្ឋ បោះបង្គោលលើដីរដ្ឋថ្មីៗ ត្រូវហាមឃាត់ជាដាច់ខាត។ ហើយចំពោះរាល់ការចេញលិខិត បញ្ជាក់ការកាន់កាប់ និងប្រើប្រាស់ដីធ្លី ដែលមិនមែនជាដីភោគះ គឺត្រូវបានហាមឃាត់ជាដាច់ខាត។

លោក ប្រាក់ សុវណ្ណ បានថ្លែងកោតសរសើរចំពោះលោកអភិបាលស្រុកឆែប និងលោកប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តក៏ដូចអាជ្ញាធរភូមិឃុំពិសេសមន្ត្រីបច្ចេកទេស ទាំងអស់នៃមន្ទីររៀបចំដែនដីខេត្ត ដែលបានបំពេញការងារយ៉ាងសស្រាក់សស្រាំ រហូតធ្វើឲ្យសម្រេចដោយជោគជយ័ ហើយក៏សូមអរគុណចំពោះប្រជាពលរដ្ឋទាំងអស់ ដែលបានចូលរួមយ៉ាងសកម្ម ក្នុងតួនាទីជាម្ចាស់ក្បាលដី ជាអ្នកជាប់ព្រំនិងជាសាក្សី ក្នុងការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធនេះ។

លោកជំរុញឲ្យអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធ ខិតខំបង្រ្កាបបទល្មើសឆ្លងដែនគ្រប់ប្រភេទពិសេសបទល្មើសគ្រឿងញៀននៅតាមព្រំដែនឡាវ និងសូមអំពាវនាវឲ្យប្រជាពលរដ្ឋយើង ត្រូវយកចិត្តទុកដាក់ថែរក្សាសុខភាពអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីការពារពីជំងឺកូវ-១៩៕

By https://freshnewsasia.com/