ថ្ងៃអង្គារ ២៤-វិច្ឆិការ-២០២០ ១០:៤៧:១៣ ព្រឹក

លោក ដូណាល់ ត្រាំ កំពុងត្រៀមខ្លួនទុកជាមុនឲ្យហើយ ដើម្បីអបអរជ័យជម្នះលើលោក ចូ បៃដិន

លោក ដូណាល់ ត្រាំ កំពុងត្រៀមខ្លួនទុកជាមុនឲ្យហើយ ដើម្បីអបអរជ័យជម្នះលើលោក ចូ បៃដិន

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ កំពុងត្រៀមខ្លួនទុកជាមុន ដើម្បីប្រកាសពីជ័យជម្នះនៅក្នុងការបោះឆ្នោត ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអង្គារ ទី០៣ ខែវិច្ឆិកានេះ (ត្រូវនឹងថ្ងៃពុធ ទី០៤ ខែវិច្ឆិកា ពេលវេលានៅភ្នំពេញ) ប្រសិនបើលោកឈ្នះលោក ចូ បៃដិន។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Axios នៅព្រឹកថ្ងៃចន្ទ ទី០២ ខែវិច្ឆិកា ឆ្នាំ២០២០។

សារព័ត៌មាន Axios ដោយផ្អែកលើកិច្ចសន្ទនាឯកជនពីប្រភពចំនួន ០៣ ស្និទ្ធនឹងលោក ត្រាំ បានឱ្យដឹងទៀតថា លោក ត្រាំ បានប្រាប់ក្រុមមនុស្សជំនិតរបស់លោកថា លោកមានបំណងប្រកាសពីជ័យជម្នះទុកជាមុន បើទោះជាលទ្ធផលនៃអ្នកបោះឆ្នោតតំណាងមួយចំនួនធំ មិនទាន់បានរាប់នៅតាមរដ្ឋសំខាន់ៗដូចជារដ្ឋ ភែនស៊ីលវេនៀ (Pennsylvania) ក៏ដោយ។

សារព័ត៌មានអាមេរិកមួយនេះបានបន្ថែមទៀតថា ដើម្បីអាចធ្វើដូច្នេះបាន លោក ត្រាំ ត្រូវចាំបាច់ត្រូវតែឈ្នះ ឬនាំមុខ លោក ចូ បៃដិន នៅក្នុងរដ្ឋ អូហៃយ៉ូ (Ohio), ផ្ល័ររីដា (Florida), ណតស៍ ខារ៉ូលីណា (North Carolina), តិចសាស់ (Texas), អ៉ីយ៉ូវ៉ា (Iowa), អារីហ្សូណា (Arizona) និងរដ្ឋ ចរជា (Georgia) ខណៈរដ្ឋទាំងនេះភាគច្រើនគឺលោក បៃដិន កំពុងនាំមុខនៅក្នុងការស្ទង់មតិកន្លងទៅនេះ។ ទោះជាយ៉ាងនេះក្ដី នៅពេលត្រូវបានសារព័ត៌មាន Axios សាកសួរពីបញ្ហានេះ ប្រធានទំនាក់ទំនងនៃក្រុមយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោក ត្រាំ គឺលោក ធីម មើថច (Tim Murtaugh) បាននិយាយថា វាគ្មានអ្វីគួរឱ្យបារម្ភនោះទេ ប៉ុន្តែមនុស្សមួយចំនួនកំពុងបង្កភាពសង្ស័យ អំពីជ័យជម្នះរបស់លោក ត្រាំ តែប៉ុណ្ណោះ។

គួរជម្រាបថា ការបោះឆ្នោតប្រធានាធិបតីអាមេរិក នៅថ្ងៃអង្គារ ទី០៣ ខែវិច្ឆិកាខាងមុខនេះ ត្រូវបានគេរំពឹងថា អាចនឹងមានភាពចម្រូងចម្រាសច្រើន ដោយអ្នកឈ្នះទំនងជាមិនអាចដឹងភ្លាមៗនៅយប់ថ្ងៃអង្គារ (ម៉ោងនៅវ៉ាស៊ីនតោន) តែម្តងនោះឡើយ ដោយសារតែសន្លឹកឆ្នោតតាមប្រៃសណីយ៍ ដែលនឹងត្រូវរាប់តាមក្រោយ បន្ទាប់ពីការបិទទ្វារការិយាល័យបោះឆ្នោតនៅតាមរដ្ឋនីមួយៗ ដែលមានរបៀប ឬប្រព័ន្ធរាប់សន្លឹកឆ្នោតផ្សេងៗពីគ្នា៕

by https://freshnewsasia.com/