ថ្ងៃព្រហស្បតិ៍ ១៣-ឧសភា-២០២១ ០៥:១៤:២៥ ល្ងាច

សហព័ន្ធកីឡាប៉េតង់ ចង់កាត់បន្ថយការប្រកួតនៅភ្នំពេញ តែជំរុញការប្រកួតតាមខេត្ត ដើម្បីស្វែងរកគ្រាប់ពេជ្រមិនទាន់ឆ្នៃ

សហព័ន្ធកីឡាប៉េតង់ ចង់កាត់បន្ថយការប្រកួតនៅភ្នំពេញ តែជំរុញការប្រកួតតាមខេត្ត ដើម្បីស្វែងរកគ្រាប់ពេជ្រមិនទាន់ឆ្នៃ

(ភ្នំពេញ)៖ លោក ស សុខា ប្រធានសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជាបានអះអាងថា សហព័ន្ធមិនចង់មានការប្រកួតប្រមូលផ្ដុំតែនៅរាជធានីភ្នំពេញទៀតឡើយ ផ្ទុយទៅវិញ សហព័ន្ធនឹងជំរុញការប្រកួតតាមខេត្ត ដើម្បីស្វែងរកគ្រាប់ពេជ្រមិនទាន់ឆ្នៃមកឆ្នៃពួកគេឲ្យក្លាយជាធនធានបន្ដវេន ប្រកបដោយសក្ដានុពលសម្រាប់វិស័យកីឡាប៉េតង់កម្ពុជានាថ្ងៃអនាគត។

ការថ្លែងបែបនេះ បានធ្វើឡើងក្នុងសន្និសីទសារព័ត៌មាន ស្ដីពីការប្រកួតកីឡាប៉េតង់ពានរង្វាន់ “គរុគុណ” លើកទី១ ឆ្នាំ២០២០ នៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា នារសៀលថ្ងៃអាទិត្យនេះ ស្របពេលការប្រកួតផ្លូវការ នឹងចាប់ពីថ្ងៃទី០៦-០៨ ខែវិច្ឆិកាខាងមុខ នៅពហុកីឡដ្ឋានជាតិ ដោយមានប្រតិភូ និងកីឡាករ-កីឡាការិនីចូលរួមសរុប ៤៧៨នាក់ មកពី ៥៥សមាគម/ក្លិប ទូទាំងប្រទេស។

រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡាដដែល បញ្ជាក់ថា នេះគឺជាការបើកទំព័រថ្មីមួយ ក្នុងការរៀបចំពានរង្វាន់ ២ បញ្ចូលគ្នា រវាងពានរង្វាន់សម្ដេចក្រឡាហោម ស ខេង និងពានរង្វាន់សម្ដេចវិបុលបញ្ញា សុខ អាន ដើម្បីផ្ដល់ឱកាស ក៏ដូចជាសល់ពេលវេលាបង្កើតកម្មវិធី ឬការប្រកួតពានរង្វាន់ផ្សេងៗ ពិសេសការប្រកួតតាមបណ្ដាលខេត្ត ក្នុងន័យបង្កើនការអភិវឌ្ឍន៍វិស័យកីឡាប៉េតង់ ឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ ។

លោកបន្ដថា «ឆ្នាំក្រោយខ្ញុំគិតថា យើងនឹងពិនិត្យពិចារណា ហើយខ្ញុំសូមឯកភាព ធ្វើម៉េចការប្រកួតនេះ ក្នុងគោលបំណងធំលែងចង់ឲ្យមានការប្រកួតច្រើនដងនៅរាជធានីភ្នំពេញ ចង់ឲ្យមានការប្រកួតតាមខេត្តខ្លះ ព្រោះខ្ញុំគិតថា អ្នកដែលល្អ ឬយុវជនគ្រាប់ពេជ្រ ដែលមិនទាន់ច្នៃ ភាគច្រើននៅខេត្ត តែគាត់ពុំទាន់មានលទ្ធភាពមកប្រកួតនៅភ្នំពេញ ។ ដូចយើងដឹងហើយ កូនអ្នកមធ្យម ឬធូរធា បែបគេមិនឲ្យកូនគេលេងកីឡាទេ តែជារួមនៅតាមខេត្ត យើងអាចសម្របសម្រួល ក្នុងការជំរុញឲ្យមានការប្រកួត ហើយការងារនេះ យើងនឹងជំរុញចាប់ពីឆ្នាំ២០២១ រហូតដល់ឆ្នាំ២០២៣ ធ្វើម៉េចឲ្យមានការប្រកួតតាមខេត្ត ឬភូមិភាគ ដើម្បីផ្ដល់ឱកាសឲ្យពួកគាត់បានចូលរួម» ។

ក្រឡេកមកចាប់អារម្មណ៍ការប្រកួតពានរង្វាន់ “គរុគុណ” វិញ គឺរៀបចំឡើង ដើម្បីរម្លឹកនូវគុណូបការៈដ៏ធំធេងមិនអាចបំភ្លេចបាន ចំពោះការលះបង់ និងខិតខំប្រឹងប្រែងរបស់ស្ថាបនិក ២រូប គឺសម្ដេចក្រឡាហោម ស ខេង ប្រធានកិត្តិយសសហព័ន្ធ និងសម្តេចវិបុលបញ្ញា សុខ អាន អតីតប្រធានសហព័ន្ធ ខណៈចំណាយលើការរៀបចំពាននេះ ក៏ជាបន្ទុករបស់ក្រុមគ្រួសារទាំងពីរដែរ មិនមានប្រើថវិកាសហព័ន្ធ ឬក្រសួងអប់រំ យុវជន និងកីឡាឡើយ ។ ពាក់ព័ន្ធអ្នកចូលទស្សនាវិញ សហព័ន្ធអាចនឹងអនុញ្ញាត ដូចអ្នកគាំទ្របាល់ទាត់ប្រមាណ ១០% ដែរ ពិសេសគឺការគោរពវិធានរបស់ក្រសួងសុខាភិបាល ទាំងប្រតិភូ កីឡាករ-កីឡាការិនី និងអ្នកចូលរួមទស្សនាតែម្ដង៕

By http://plus.freshnewsasia.com/