ថ្ងៃព្រហស្បតិ៍ ១៣-ឧសភា-២០២១ ០៤:៤៥:៤៩ ល្ងាច

ព្យុះទីហ្វុង Goni ផ្តាច់ជីវិតមនុស្សយ៉ាងហោច៤នាក់ នៅហ្វីលីពីន

ព្យុះទីហ្វុង Goni ផ្តាច់ជីវិតមនុស្សយ៉ាងហោច៤នាក់ នៅហ្វីលីពីន

(ម៉ានីល)៖ កំពូលព្យុះទីហ្វុង Goni ដែលកំពុងបោកបក់កាត់តំបន់ភាគខាងត្បូងនៃកោះ Luzon របស់ហ្វីលីពីន នាថ្ងៃអាទិត្យនេះ បានបង្កឲ្យមនុស្សយ៉ាងតិច៤នាក់បាត់បង់ជីវិត ព្រមទាំងធ្វើឲ្យដាច់ចរន្តអគ្គិសនី ខូចខាតហេដ្ឋារចនាសម្ព័ន្ធ និងទឹកជំនន់ថែមទៀត។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃអាទិត្យ ទី០១ ខែវិច្ឆិកា ឆ្នាំ២០២០។

ទីភ្នាក់ងារឧតុនិយមហ្វីលីពីនបានបន្ថយកម្រិតព្យុះ Goni ពីកម្រិតកំពូលព្យុះទីហ្វុង មកនៅត្រឹមព្យុះទីហ្វុងធម្មតាវិញ ខណៈវាត្រូវគេចាត់ទុកជា ព្យុះទីហ្វុងខ្លាំងក្លាជាងគេបំផុតក្នុងឆ្នាំនេះ ដែលបានបោកបក់មកដល់ប្រទេសហ្វីលីពីន ជាមួយកម្លាំងខ្យល់ចន្លោះ២២៥-២៨០គីឡូម៉ែត្រក្នុងមួយម៉ោងនៅតំបន់ Bicol។

ទោះជាបែបនេះក្តី ទីភ្នាក់ងារឧតុនិយមហ្វីលីពីនបានព្រមានថា ព្យុះ Goni នៅតែជាការគំរាមកំហែងដដែល ស្របពេលដែលវាកំពុងធ្វើដំណើរកាត់តាមបណ្តាខេត្តនៅភាគខាងត្បូងរដ្ឋធានីម៉ានីល។ ប្រជាជនហ្វីលីពីនខ្ទង់សែននាក់ ត្រូវបានជម្លៀសខ្លួនទៅកាន់កន្លែងសុវត្ថិភាព។

គួរជម្រាបថា Goni ស្ថិតក្នុងចំណោមព្យុះទីហ្វុងកម្រិតធ្ងន់ ដែលបានវាយប្រហារលើហ្វីលីពីន គិតចាប់តាំងពីព្យុះទីហ្វុង Haiyan ដែលបានសម្លាប់មនុស្សច្រើនជាង៧,០០០នាក់ កាលពីឆ្នាំ២០១៣។ ម៉្យាងវិញទៀត វាបានមកដល់ហ្វីលីពីន បន្ទាប់ព្យុះទីហ្វុងមួយទៀតគឺ Molave ដែលបានផ្តាច់ជីវិតមនុស្ស២២នាក់ នៅបណ្តាខេត្តភាគខាងត្បូងរដ្ឋធានីម៉ានីល លើកោះ Luzon ដូចគ្នា។ ទន្ទឹមគ្នានេះ អាជ្ញាធរឧតុនិយមហ្វីលីពីន កំពុងតាមដានព្យុះត្រូពិចមួយ Atsani ដែលអាចនឹងវាយប្រហារមកលើបណ្តាខេត្តនៅភាគខាងជើងកោះ Luzon ក្នុងពេលប៉ុន្មាន ថ្ងៃខាងមុខ៕

By https://freshnewsasia.com/