ថ្ងៃព្រហស្បតិ៍ ១៣-ឧសភា-២០២១ ០៥:១១:៤០ ល្ងាច

កែវយឺតអវកាស Hubble ងាករេកាណុងទៅសិក្សាអាចម៍ផ្កាយធំមួយ ដែលមានតម្លៃខ្ពស់ហួសប្រមាណ

កែវយឺតអវកាស Hubble ងាករេកាណុងទៅសិក្សាអាចម៍ផ្កាយធំមួយ ដែលមានតម្លៃខ្ពស់ហួសប្រមាណ

(បរទេស)៖ មានអាចម៍ផ្កាយដ៏មហាសែនកម្រមួយ នៅចន្លោះភពអង្គារ (Mars) និងភពព្រហស្បតិ៍ (Jupiter) ដែលមានតម្លៃដ៏ច្រើនលើសលុប សឹងតែមិនអាចបរិយាយបាននោះគឺ ១០,០០០ក្វាឌ្រីលាន (quadrillion) ដុល្លារ ឬ ១០,០០០,០០០,០០០,០០០,០០០,០០០ដុល្លារអាមេរិកឯណោះ។ នេះបើតាមការចេញផ្សាយដោយ CBS News នារសៀលថ្ងៃសុក្រ ទី៣០ ខែតុលា ឆ្នាំ២០២០។

ការសិក្សាថ្មីមួយពីកែវយឺតអវកាស Hubble Space Telescope ដែលចុះផ្សាយក្នុងសប្តាហ៍នេះ បានស្វែងយល់កាន់តែស៉ីជម្រៅថែមទៀត ចំពោះភាពអាថ៌កំបាំងនៃអាចម៍ផ្កាយខាងលើ ដែលមានឈ្មោះថា ផ្សាយជី ១៦ (16 Psyche)។ វាជាវត្ថុយ៉ាងធំបំផុតមួយ នៅតំបន់ខ្សែក្រវាត់អាចម៍ផ្កាយ (Asteroid Belt) ដែលនៅចន្លោះភពអង្គារ និងភពព្រហស្បតិ៍ គឺចម្ងាយប្រមាណ ៣៧០លានគីឡូម៉ែត្រពីផែនដី ហើយវាមានអង្កត់ផ្ចិតប្រវែង ២២៥ម៉ែត្រ។

អាចម៍ផ្កាយភាគច្រើនមានសមាសធាតុផ្សំឡើងពី «ថ្ម» ឬ «ទឹកកក» ប៉ុន្តែអាចម៍ផ្កាយខាងលើមានភាពហាប់ណែនខ្លាំង ហើយភាគច្រើនផ្សំ ឡើងពីលោហៈថែមទៀត គឺប្រហែលអាចជាស្នូលរបស់ភពមួយ ដែលមិនបានទទួលជោគជ័យក្នុងការវិវត្ត ទៅជាភពពេញលក្ខណៈហៅថា «ភពប្រូតូ (Protoplanet)»។

ការសិក្សាថ្មីខាងលើរបស់កែវយឺត Hubble គឺជាការអង្កេតលក្ខណៈកាំរស្មីស្វាយអ៊ុលត្រា (Ultraviolet) ជាលើកដំបូងទៅលើអាចម៍ផ្កាយ 16 Psyche ហើយលទ្ធផលចេញមកបានបង្ហាញថា វាទំនងជាផ្សំឡើងដោយលោហៈធាតុដែក និងនីកែលទាំងស្រុងតែម្តង។ យោងតាមការសន្និដ្ឋានរបស់ក្រុមអ្នកស្រាវជ្រាវ ដូចយើងដឹងហើយថា ផែនដីមានស្នូលជាលោហៈ ព្រមទាំងស្រទាប់ mantle និងស្រទាប់ crust។ វាអាចទៅរួចដែលថា ភពប្រូតូ Psyche កំពុងតែវិវត្តខ្លួន ប៉ុន្តែស្រាប់តែត្រូវវត្ថុមួយផ្សេងទៀតនៅក្នុងប្រព័ន្ធព្រះអាទិត្យមកបុកចំវា ហើយក៏បាត់បង់ស្រទាប់ mantle និងស្រទាប់ crust របស់វាទៅបាត់។

គួរជម្រាបថា អាចម៍ផ្កាយមានសមាសធាតុផ្សំពីលោហៈគឺជាវត្ថុដ៏កម្រ ដូច្នេះហើយ Psyche ផ្តល់ឱកាសយ៉ាងពិសេសមួយសម្រាប់ឲ្យ អ្នកវិទ្យាសាស្រ្តធ្វើការសិក្សាស្រាវជ្រាវអំពីស្នូលរបស់ភព។ នៅឆ្នាំ២០២២ខាងមុខ ទីភ្នាក់ងារអវកាសអាមេរិក NASA គ្រោងបញ្ជូនយាន ស្រាវជ្រាវមួយតាមគ្រាប់រ៉ុក្កែត Falcon Heavy របស់ក្រុមហ៊ុន SpaceX ដើម្បីឲ្យទៅសិក្សាលម្អិតតែម្តងអំពីអាចម៍ផ្កាយ 16 Psyche៕

By https://freshnewsasia.com/