ថ្ងៃអង្គារ ២៤-វិច្ឆិការ-២០២០ ១០:៥៧:៣៨ ព្រឹក

Forest Harmony បើកដំណើរការគម្រោងអភិវឌ្ឍន៍ ដំណាក់កាលទី២, ទីលានវាយកូនគោលដំបូងគេបង្អស់ និងខុនដូមានធម្មជាតិបៃតងព័ទ្ធជុំវិញ នឹងបង្ហាញវត្តមានក្នុងខេត្តកំពត

Forest Harmony បើកដំណើរការគម្រោងអភិវឌ្ឍន៍ ដំណាក់កាលទី២, ទីលានវាយកូនគោលដំបូងគេបង្អស់ និងខុនដូមានធម្មជាតិបៃតងព័ទ្ធជុំវិញ នឹងបង្ហាញវត្តមានក្នុងខេត្តកំពត

(ភ្នំពេញ)៖ ក្រុមហ៊ុន Forest Harmony ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍វីឡាលំហែកាយ ប្រណីតឈានមុខគេនៅកម្ពុជា បានប្រកាសបើកដំណើរការ គម្រោងអភិវឌ្ឍន៍ដំណាក់កាលទី២ របស់ខ្លួនមានឈ្មោះថា Golf Harmony នៅលើផ្ទៃដី ២៧.៣ហិកតា ដោយនាំយកទីលានវាយកូនហ្គោលលើកដំបូង នៅក្នុងខេត្តកំពត ព្រមទាំងអគារខុនដូចំនួន៤ អគារនៅលើទឹកដី ដែលមានទេសភាពពណ៌បៃតង។

សម្រាប់ដំណាក់កាលដំបូង នៃគម្រោងរបស់ក្រុមហ៊ុន Forest Harmony រួមមានវីឡាចំនួន៧៨ ដែលគ្របដណ្តប់លើផ្ទៃដី១៣ហិកតា ត្រូវបានបើកការលក់ កាលពីខែធ្នូ ឆ្នាំ២០១៩ ហើយគិតមកទល់ពេលនេះវីឡាជាង៦០ភាគរយ ត្រូវបានលក់អស់រួចទៅហើយ។

លោក Seraj Sutton នាយកប្រតិបត្តិនៃក្រុមហ៊ុន Century 21 Cambodia ដែលត្រូវបានតែងតាំងជាភ្នាក់ងារលក់ផ្តាច់មុខរបស់គម្រោង Forest Harmony បានលើកឡើងនៅក្នុងកម្មវិធីប្រកាសបើកគម្រោងអភិវឌ្ឍន៍ដំណាក់កាលទី២ កាលពីយប់ថ្ងៃទី២៤ ខែតុលា នាសណ្ឋាគារ Raffle Hotel Le Royal ថា ការអភិវឌ្ឍន៏ Golf Harmony និងធ្វើឲ្យការរស់នៅកាន់តែទំនើបសម្រាប់ម្ចាស់វីឡា ដែលបានទិញនៅដំណាក់កាលទី ១ ក៏ដូចជាជួយបន្ថែមភាពទាក់ទាញមួយកម្រិតទៀតដល់ ខេត្តកំពតដែលកំពុងលេចធ្លោ ជាតំបន់ទេសចរណ៍ ទីតាំងសម្រាប់ការវិនិយោគអចលនទ្រព្យ និងឱកាសវិនិយោគ។

លោកបានបន្តថា «ខេត្តកំពត គឺជាទិសដៅដ៏មានសក្តានុពល សម្រាប់វិស័យទេសចរណ៍ និងពាណិជ្ជកម្មដែលមានអាហារ ក៏ដូចជាកន្លែងកំសាន្តដ៏សំបូរបែប។ គម្រោងនេះ និងនាំយកគំនិតនៃការរចនាវីឡាលំហែកាយ តាមបែបលោកខាងលិចមកកាន់ខេត្តកំពត ហើយយើងមានបំណងទាក់ទាញភ្ញៀវទេសចរលំដាប់ខ្ពស់ៗ អោយមកលំហែកាយនៅប្រទេសកម្ពុជា សម្រាប់ថ្ងៃឈប់សម្រាក និងថ្ងៃចុងសប្តាហ៍របស់ពួកគេ»

សម្រាប់ដំណាក់កាលទី ២ ការសាងសង់ទីលានវាយកូនហ្គោល វីឡា និងខុនដូ និងធ្វើឡើងនៅលើផ្ទៃដី ២៧.៣ ហិកតា ហើយរំពឹងថាគម្រោងនេះនឹងបញ្ចប់ក្នុងរយៈពេល២ឆ្នាំទៀត។ ទីលានវាយកូនហ្គោលមានចំនួន៩ឡូត៍ និងអគារខុនដូដែលមាន៥ជាន់ចំនួន៤អគារ។ តម្លៃសម្រាប់ប្រភេទផ្ទះវីឡាដែលមានបន្ទប់គេង៤នៅក្នុងគម្រោង Golf Harmony មានចន្លោះពី ៣៦១,០០០ដុល្លារដល់ ៤០៩,០០០ដុល្លារ រួមទាំងអាងហែលទឹកឯកជន ដែលមានទំហំដីជាមធ្យម ១,២០០ម៉ែត្រការ៉េ។

គម្រោងអភិវឌ្ឍនេះ មានទីតាំងស្ថិតនៅឃុំព្រៃថ្នង ស្រុកទឹកឈូ ដែលមានចម្ងាយប្រហែល ១៨ គីឡូម៉ែត្រពីក្រុងកំពត។ គម្រោង FOREST HARMONY និង GOLF HARMONY និងផ្តល់ជូននូវទេសភាពដ៏ស្រស់ស្អាត នៅលើផ្ទៃដីពណ៌បៃតង ដែលនឹងក្លាយជាកន្លែងសម្រាកលំហែកាយដ៏ល្អឥតខ្ចោះ សម្រាប់អ្នកដែលចូលចិត្តធម្មជាតិ និងមនុស្សដែលមានភាពធុញទ្រាន់ ក្នុងការរស់នៅទីក្រុង។

អ្នកដែលបានទិញវីឡា នៅក្នុងគម្រោង HARMONY VALLEY Complex អាចចៀសវាងពីទីប្រជុំជនដ៏មមាញឹក ហើយមករស់នៅក្នុងវីឡាដ៏ប្រណីតរបស់ពួកគេ ដែលហ៊ុមព័ទ្ធទៅដោយទេសភាពព្រៃភ្នំ យ៉ាងស្រស់ស្អាត និងស្ងប់ស្ងាត់។ គម្រោង HARMONY VALLEY គឺត្រូវធ្វើដំណើរប្រហែល២ម៉ោងកន្លះពីរាជធានីភ្នំពេញ និង១ម៉ោងទៀត ដើម្បីទៅដល់ក្រុងកែប។

លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) បានថ្លែងថា «គំនិតនៃការអភិវឌ្ឍន៍គេហដ្ឋាន និងវីឡាទី ២ សម្រាប់លំហែកាយ គឺជានិន្នាការថ្មីដែលកំពុងទទួលបានសន្ទុះ នៅក្នុងប្រទេសកម្ពុជា»

លោកបានមានប្រសាសន៍ថា «ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា កំពុងមានភាពប្រសើរឡើង ហើយពួកគេមានលទ្ធភាពកាន់តែច្រើន និងស្វែងរកអចលនទ្រព្យ សម្រាប់សម្រាកលំហែ និងសម្រាប់ចូលនិវត្តន៍»

មានរឿងជាច្រើនដែលអ្នកអាច សម្រាកកម្សាន្តនៅខេត្តកំពត ដូចជាដំណើរកំសាន្តនៅក្នងចម្ការម្រេច ដែលល្បីល្បាញលើទីផ្សារអន្តរជាតិ រមនីយដ្ឋានទឹកឈូ និងអ្វីជាច្រើនទៀតដែលជាមូលហេតុធ្វើអោយចំនួនភ្ញៀវ បន្តកើនឡើងជាបន្តបន្ទាប់ និងយ៉ាងឆាប់រហ័ស៕