ថ្ងៃអាទិត្យ ២៥-តុលា-២០២០ ១១:៣៤:៤៥ ព្រឹក

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាក់ថា មិនមានករណីគាស់ផ្ទះពលរដ្ឋនៅតំបន់ទឹកជំនន់ឡើយ គឺម្ចាស់ផ្ទះប្រញាប់ចាកចេញភ្លេចចាក់សោ ហើយក៏មិនបាត់បង់ទ្រព្យសម្បត្តិដែរ

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាក់ថា មិនមានករណីគាស់ផ្ទះពលរដ្ឋនៅតំបន់ទឹកជំនន់ឡើយ គឺម្ចាស់ផ្ទះប្រញាប់ចាកចេញភ្លេចចាក់សោ ហើយក៏មិនបាត់បង់ទ្រព្យសម្បត្តិដែរ

(ភ្នំពេញ)៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ក្រោយការស្រាវជ្រាវ និងចុះពិនិត្យជាក់ស្ដែង កម្លាំងនគរបាលរកឃើញថា មិនមានករណីគាស់ផ្ទះប្រជាពលរដ្ឋនៅបុរីពិភពថ្មីគួរស្រូវ ដែលរងគ្រោះដោយទឹកជំនន់ឡើយ ពោលម្ចាស់ផ្ទះប្រញាប់ចាកចេញខ្លាចទឹកជំនន់ភ្លេចចាក់សោដោយខ្លួនឯង ហើយក៏មិនមានបាត់បង់ទ្រព្យសម្បត្តិអ្វីដែរ។

ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០នេះថា ក្រោយទទួលព័ត៌មានថា មានករណីសង្ស័យចោរ គាស់ផ្ទះពលរដ្ឋនៅតំបន់ទឹកលិច លោកវរសេនីយ៍ឯក ជឹម ស៉ីថា អធិការនគរបាលខណ្ឌដង្កោ ដឹកនាំកម្លាំងចុះដល់ផ្ទះប្រជាពលរដ្ឋ ពេលនេះម្ចាស់ផ្ទះគាត់ បានបញ្ជាក់យ៉ាងច្បាស់ថា មិនមែនជាករណីគាស់ផ្ទះទេ គឺដោយសារគាត់ប្រញាប់ពេកមិនបានចាក់សោរ ហើយក៏មិនមានការបាត់បង់អ្វីដែរ។

ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាក់យ៉ាងដូច្នេះថា «តាមការបញ្ជាក់របស់លោកស្នងការ និងលោកអធិការខណ្ឌដង្កោ ដែលប្រចាំការ នៅយប់ថ្ងៃទី១៥ ខែតុលា បានបញ្ជាក់ថា មិនមានករណីគាស់ផ្ទះប្រជាពលរដ្ឋណាមួយឡើយ ដូចផេកទាំងនោះបានចុះផ្សាយនោះទេ ការចុះផ្សាយខុសពីការពិតនេះ»

ជាមួយគ្នានេះ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋកុំមានការយល់ច្រឡំ ចំពោះព័ត៌មានដែលបានចែកចាយថា មានករណីគាស់ផ្ទះប្រជាពលរដ្ឋនៅតំបន់រងគ្រោះដោយទឹកជំនន់។ សមត្ថកិច្ចចម្រុះតែងតែចេញល្បាតជាប្រចាំ ដើម្បីជួយសង្គ្រោះ និងការពារទប់ស្កាត់កុំឲ្យមានជនឆ្លៀតឱកាសមួយចំនួនតូច បន្លំចូលលួច ឬគាស់ផ្ទះលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋ៕

By https://freshnewsasia.com/