ថ្ងៃអាទិត្យ ២៥-តុលា-២០២០ ១២:២៨:១៩ ល្ងាច

អភិបាលខេត្តកំពង់ចាម ដាក់ផែនការឲ្យមន្ត្រីមូលដ្ឋានត្រៀមលក្ខណៈ ដើម្បីសង្គ្រោះប្រជាពលរដ្ឋ ក្នុងគ្រោះជំនន់ទឹកភ្លៀង

អភិបាលខេត្តកំពង់ចាម ដាក់ផែនការឲ្យមន្ត្រីមូលដ្ឋានត្រៀមលក្ខណៈ ដើម្បីសង្គ្រោះប្រជាពលរដ្ឋ ក្នុងគ្រោះជំនន់ទឹកភ្លៀង

(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាមលោក អ៊ុន ចាន់ដា នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០នេះ បានដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធ ចុះពិនិត្យការស្ថាប័នឃឿនការពារច្រាំងទន្លេ ដែលបានសាងសង់រួច ១០០% នៅភូមិពង្រលិច ឃុំពង្រ ស្រុកកោះសូទិន ដែលកន្លងមកធ្លាប់ទទួលរងការវាយប្រហារ ពីទឹកជំនន់ដែលបណ្តាលឲ្យបាក់ច្រាំងជារឿយៗ ស្ទើរតែខូចផ្លូវ ដែលប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់។

បន្ទាប់ពីអញ្ជើញចុះពិនិត្យច្រាំងទន្លេ នោះ លោកអភិបាលខេត្ត និងក្រុមការងាររ បានបន្តដំណើរ ចុះពិនិត្យស្ថានីយបូមទឹកនៃប្រព័ន្ធធារាសាស្រ្តវ៉ៃកូ និងស្ថានភាពទឹកនៅទ្វារទឹកប្រព័ន្ធធារាសាស្រ្តវ៉ៃកូ ស្ថិតនៅភូមិរកាកោងត្បូង ឃុំមហាលាភ ស្រុកកោះសូទិនផងដែរ។

ក្នុងឱកាសនៃការចុះពិនិត្យនោះ លោកអភិបាលខេត្ត បានណែនាំដល់អាជ្ញាធរស្រុក ឃុំ និងអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ឲ្យចូលរួមថែរក្សាសមិទ្ធិផលថ្មីនេះ ដើម្បីប្រើប្រាស់ជាប្រយោជន៍ដល់ មនុស្សជំនាន់ក្រោយៗ។

ជាមួយគ្នានោះ លោកអភិបាលខេត្ត ក៏បានណែនាំដល់អភិបាលស្រុក និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយស្រុក លោកមេឃុំ ឲ្យបន្តការតាមដានស្ថានភាពអាកាសធាតុ និងផលប៉ះពាល់នៅក្នុងមូលដ្ឋានរបស់ខ្លួន ហើយត្រូវត្រៀមលក្ខណៈជាស្រេច ដោយប្រើប្រាស់កម្លាំងសរុប មធ្យោបាយសរុប ដើម្បីត្រៀមឆ្លើយតប និងជួយសង្គ្រោះប្រជាពលរដ្ឋ ឲ្យបានទាន់ពេលវេលា ក្នុងករណីកើតមានជាយថាហេតុនូវគ្រោះមហន្តរាយក្នុងភូមិសាស្រ្តរបស់ខ្លួន។

សូមរំលឹកថា ប្រជាពលរដ្ឋក្នុងខេត្តកំពង់ចាមពេលបច្ចុប្បន្ននេះ មិនទាន់មានរងផលប៉ះពាល់ដោយគ្រោះទឹកជំនន់នោះទេ។ ប៉ុន្តែទោះជាយ៉ាងនេះក្តី គណៈអភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា តែងតែឆ្លៀតពេលដឹកនាំមន្ត្រីក្រោមឱវាទ ចុះពិនិត្យស្ថានភាពរស់នៅរបស់ប្រជាពលរដ្ឋតាមមូលដ្ឋានជាប្រចាំ៕

By https://freshnewsasia.com/