ថ្ងៃអាទិត្យ ២៥-តុលា-២០២០ ១២:៣៩:៤៤ ល្ងាច

អំណោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បន្តចែកជូនពលរដ្ឋរងគ្រោះដោយទឹកជំនន់ចំនួន២៥០គ្រួសារ មកពីស្រុកចំនួន៤ ក្នុងខេត្តបាត់ដំបង

អំណោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បន្តចែកជូនពលរដ្ឋរងគ្រោះដោយទឹកជំនន់ចំនួន២៥០គ្រួសារ មកពីស្រុកចំនួន៤ ក្នុងខេត្តបាត់ដំបង

(បាត់ដំបង)៖ សាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០ កាកបាទក្រហមកម្ពុជាដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន បានបន្តផ្តល់អំណោយមនុស្សធម៌ ជូនប្រជាពលរដ្ឋរងគ្រោះ បង្កដោយទឹកជំនន់ចំនួន២៥០គ្រួសារ រស់នៅស្រុកចំនួន៤ ក្នុងខេត្តបាត់ដំបង។

ស្រុកទាំង៤រួមមាន៖ ស្រុកសំឡូត ចំនួន១០០គ្រួសារ, ស្រុករតនៈមណ្ឌល ចំនួន៥០គ្រួសារ, ស្រុកកំរៀងចំនួន៥០គ្រួសារ និងស្រុកភ្នំព្រឹក ចំនួន៥០គ្រួសារ ស្ថិតនៅទីតាំង៤ផ្សេងគ្នា ក្នុងនោះ១១០គ្រួសារ នៅទីទួលសុវត្ថិភាព និង១៤០គ្រួសារ ចុះតាមខ្នងផ្ទះដែលដឹកនាំដោយក្រុមការងារ យុវជនកាកបាទក្រហកម្ពុជា ក្នុងស្រុកគោលដៅ។

ក្នុងឱកាសជួប ជាមួយបងប្អូនប្រជាពលរដ្ឋ លោកបណ្ឌិត ប៊ុត គឹមស៊ាន ប្រធានគណៈកម្មាធិការសាខា និងប្រតិភូ បានផ្ដាំផ្ញើប្រសាសន៍ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សួរសុខទុក្ខក្តីអាណិតអាសូរ និងសូមចូលរួមការសោកស្តាយ ជាមួយប្រជាពលរដ្ឋដែល បានរងគ្រោះដោយ សារទឹកជំនន់រហ័សនាពេលនេះ ព្រមទាំងបានពាំនាំសារអំពាវនាវពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់៖

* សូមគិតគូរពីសុវត្ថិភាព និងបង្កើនការប្រុងប្រយ័ត្ន ពីគ្រោះថ្នាក់ដែលបង្កឡើងដោយទឹកជំនន់ ជាពិសេសកុមារៗ ដែលងាយប្រឈមនឹងគ្រោះថ្នាក់នេះ។
* សូមគិតគូថែទាំសុខភាពឲ្យបានល្អ រក្សាអនាម័យស្អាត និងបរិភោគទឹកដាំឆ្អិន ឬអាហារដែលចម្អិនបានល្អ ជៀសវាងជំងឺរាតត្បាតនានា ដែលបង្កឡើងដោយទឹក និងប្រុងប្រយ័ត្នពីសត្វអាសិរពិសគ្រប់ប្រភេទ។
* សូមបន្តទប់ស្កាត់ជំងឺកូវីដ-១៩ នៅក្នុងសហគមន៍ ដោយអនុវត្តតាមវិធានការនានារបស់ក្រសួងសុខាភិបាល និងទម្លាប់រស់នៅតាមបែបគន្លងថ្មី។
* សូមប្រុងប្រយ័ត្ន និងការពារកុំឲ្យកើតមានជំងឺគ្រុនឈាម និងគ្រុនឈីក។

សូមបញ្ជាក់ថា គ្រួសាររងគ្រោះនីមួយៗទទួលបាន៖ អង្ករ៣០គីឡូក្រាម មី១កេស ត្រីខ១០កំប៉ុង និងទឹកស៊ីអ៊ីវ៦ដប។ ដោយឡែកស្រុកសំឡូត ចំនួន១០០គ្រួសារ អនុសាខាកាកបាទក្រហមកម្ពុជាស្រុក បានឧបត្ថម្ភបន្ថែមថវិកាក្នុងមួយគ្រួសារ ចំនួន១ម៉ឺនរៀលផងដែរ៕

By https://freshnewsasia.com/