ថ្ងៃអាទិត្យ ២៥-តុលា-២០២០ ១២:៤៦:០៩ ល្ងាច

កាសែតអង់គ្លេស Lancet៖ «វ៉ាក់សាំងរបស់ចិនទំនងជាមានសុវត្ថិភាព និងប្រសិទ្ធភាពទប់ទល់កូវីដ-១៩»

កាសែតអង់គ្លេស Lancet៖ «វ៉ាក់សាំងរបស់ចិនទំនងជាមានសុវត្ថិភាព និងប្រសិទ្ធភាពទប់ទល់កូវីដ-១៩»

(ឡុងដ៍)៖ របាយការណ៍វេជ្ជសាស្រ្ត ដែលចេញផ្សាយនៅក្នុងកាសែតអង់គ្លេស ឡានសេត (Lancet) នៅសប្តាហ៍នេះបានឲ្យដឹងថា ការធ្វើតេស្តសាកល្បងបេក្ខភាពវ៉ាក់សាំងរបស់ចិន ដើម្បីបង្ការនឹងជំងឺ COVID-19 គឺមានសុវត្ថិភាព និងជួយបង្កើននូវអង្គបដិប្រាណ ដែលមានលទ្ធភាពទប់ស្កាត់ការឆ្លងវីរុសកូរ៉ូណា (SARS-CoV-2)។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានចិនស៊ីនហួរ នារសៀលថ្ងៃសៅរ៍ ទី១៧ ខែតុលា ឆ្នាំ២០២០។

ការសិក្សាចុងក្រោយដែលមានការចូលរួមពីមនុស្ស អាយុចន្លោះពី ១៨-៨០ឆ្នាំបានរកឃើញថា ការឆ្លើយតបនៃអង្គបដិប្រាណបានកើនឡើងគួរឲ្យកត់សម្គាល់ នៅក្នុងចំណោមអ្នកចូលរួមទាំងអស់។ សម្រាប់អ្នកចូលរួមដែលមានអាយុលើសពី ៦០ឆ្នាំវិញបានបង្ហាញថា វ៉ាក់សាំងត្រូវការពេល ៤២ថ្ងៃ ទើបវាអាចបង្កើននូវអង្គបដិប្រាណ បើប្រៀបធៀបទៅនឹង ២៨ថ្ងៃចំពោះអ្នកចូលរួម ដែលមានចន្លោះពីអាយុ ១៨-៥៩ឆ្នាំ។

យ៉ាងណាមិញ ការសិក្សាខាងលើមិនត្រូវបានបង្កើតឡើង ដើម្បីវាយតម្លៃពីប្រសិទ្ធភាពរបស់វ៉ាក់សាំងរបស់ចិនតែម្តងនោះទេ ដូច្នេះគេនៅមិនទាន់ដឹងច្បាស់ទេថា តើអង្គបដិប្រាណដែលបង្កើតដោយវ៉ាក់សាំង ដែលមានឈ្មោះបច្ចេកទេសថា BBIBP-CorV ពិតជាអាចការពារមនុស្សពីជំងឺដ៏កាចសាហាវ COVID-19 បានមែន ឬក៏អត់នោះដែរ។ ក្រមអ្នកសិក្សាក៏បានកត់សម្គាល់ទៀតថា ការបកស្រាយលទ្ធផលពីការសិក្សានេះ គឺនៅមានកម្រិតនៅឡើយដោយសារតែវាមានរយៈពេលខ្លីពេក។

គួរជម្រាបថា លោក យ៉ាង ហ្សាវមីង (Yang Xiaoming) អ្នកស្រាវជ្រាវមួយរូបនៅក្នុងការសិក្សាខាងលើ និងជាសាស្រ្តចារ្យពីវិទ្យាស្ថានជីវសាស្រ្តទីក្រុងប៉េកាំងផងដែរនោះ បានគូសបញ្ជាក់ថា ការរកឃើញរបស់យើងបានបង្ហាញថា ការចាក់វ៉ាក់សាំងគឺពិតជាចាំបាច់ ដើម្បីបង្កើននូវអង្គបដិប្រាណប្រឆាំងនឹងវីរុសកូរ៉ូណា (SARS-CoV-2) ហើយវាមានសារៈសំខាន់ ដើម្បីការពារជិវិតមនុស្សផងដែរ៕

By https://freshnewsasia.com/