ថ្ងៃអាទិត្យ ២៥-តុលា-២០២០ ០១:០៨:៥២ ល្ងាច

ឧកញ៉ា លី ហួរ និងថ្នាក់ដឹកនាំសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា ចូលរួមគោរពដួងវិញ្ញាណក្ខន្ទ និងរំលែកទុក្ខ ជាមួយក្រុមគ្រួសារសពលោកស្រីឧកញ៉ា កែវ ម៉ាលី

ឧកញ៉ា លី ហួរ និងថ្នាក់ដឹកនាំសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា ចូលរួមគោរពដួងវិញ្ញាណក្ខន្ទ និងរំលែកទុក្ខ ជាមួយក្រុមគ្រួសារសពលោកស្រីឧកញ៉ា កែវ ម៉ាលី

(ភ្នំពេញ)៖ លោកឧកញ៉ា លី ហួរ ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា និងថ្នាក់ដឹកនាំសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០នេះ បានចូលរួមគោរពដួងវិញ្ញាណក្ខន្ទ និងរំលែកមរណៈទុក្ខយ៉ាងក្រៀមក្រំ ជាមួយក្រុមគ្រួសារលោកស្រីឧកញ៉ា កែវ ម៉ាលី អនុប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅដ្ឋាន និងជាទីប្រឹក្សាប្រធានព្រឹទ្ធសភា ដែលបានទទួលមរណៈភាព នៅថ្ងៃពុធ ១២រោច ខែអសុជ្ស ឆ្នាំជូន ទោស័ក ព.ស ២៥៦៤ ត្រូវនិងថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង ០១:០៧នាទី រំលងអាធ្រាត្រ ក្នុងជន្មាយុ ៦៥ឆ្នាំ ដោយរោគាពាធ។

ក្នុងការចូលរួមគោរព និងរំលែកទុក្ខនេះ លោកឧកញ៉ា លី ហួរ បានលើកឡើងថា ការទទួលមរណភាព របស់លោកស្រីឧកញ៉ា កែវ ម៉ាលី គឺជាការបាត់បង់ភរិយា និងមាតាជាទីគោរពស្រឡាញ់បំផុត ប្រកបដោយព្រហ្មវិហារធម៌ ចំពោះក្រុមគ្រួសារ ហើយក៏ជាការបាត់បង់បុគ្គលដ៏ឆ្នើម និងប្រកបដោយគុណបំណាច់ ដែលបានរួមចំណែកយ៉ាងសកម្ម ក្នុងបុព្វហេតុ បម្រើប្រជាជន និងសង្គមជាតិកម្ពុជាដោយស្មោះសរ។

ទោះបីរូបកាយរបស់លោកស្រីឧកញ៉ា បានឃ្លាតចាកឆ្ងាយទៅមែនពិត ប៉ុន្តែស្នាដៃ សមិទ្ធផលដ៏ច្រើនរាប់មិនអស់របស់លោកជំទាវ ប្រកបដោយព្រហ្មវិហារធម៌ ផ្គត់ផ្គង់គ្រប់បែបយ៉ាងដល់ក្រុមគ្រួសារ និងជាថ្នាក់ដឹកនាំគំរូ របស់សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា និងព្រឹទ្ធសភាកម្ពុជា ដែលមិនអាចបំភ្លេចបាន។

ក្នុងឱកាសប្រកបដោយសមានទុក្ខក៏ក្រៀមក្រំនេះ ក្នុងនាមលោកឧកញ៉ា លី ហួរ ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា និងភរិយា ព្រមទាំងថ្នាក់ដឹកនាំ សមាជិក សមាជិកា នៃសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា សូមចូលរួមរំលែកមរណៈទុក្ខ ជាមួយក្រុមគ្រួសារញាតិមិត្តទាំងអស់នៃសព និងសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធសព លោកស្រីឧកញ៉ា បានសោយក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

សូមជម្រាបជូនថា សពលោកស្រីឧកញ៉ា កែវ ម៉ាលី តម្កល់ធ្វើបុណ្យតាមប្រពៃណី នៅគេហដ្ឋានផ្ទះលេខ ១០៥B ផ្លូវជាតិលេខ១ ក្នុងភូមិតាងៅ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ (វិមានកែវចរណៃ)៕

By https://freshnewsasia.com/