ថ្ងៃព្រហស្បតិ៍ ១៣-ឧសភា-២០២១ ០៣:២១:២៥ ល្ងាច

នគរបាលស្រុកពញាឮ ឃាត់ខ្លួនបុរសស្រវឹងស្រាខួបម្នាក់ យកដុំថ្មគប់ជំនួយការស្មៀនឃុំកំពុងជិះម៉ូតូ បណ្តាលឱ្យបែកក្បាល

នគរបាលស្រុកពញាឮ ឃាត់ខ្លួនបុរសស្រវឹងស្រាខួបម្នាក់ យកដុំថ្មគប់ជំនួយការស្មៀនឃុំកំពុងជិះម៉ូតូ បណ្តាលឱ្យបែកក្បាល

(កណ្ដាល)៖ ជំនួយការស្មៀនឃុំម្នាក់ ត្រូវបានជនស្រវឹងខួបយកដុំថ្មគប់ចំក្បាល បណ្ដាលឱ្យបែកក្បាលហូរឈាមស្រោចខ្លួន នៅគ្រាដែលគាត់កំពុងជិះម៉ូតូទៅផ្ទះហើយ បុរសស្រវឹងស្រាម្នាក់ខួបនោះបានទាញដុំថ្មគប់ថែមទៀត តែមិនត្រូវព្រោះគាត់បានខំប្រឹងបន្ថែមល្បឿនជិះម៉ូតូគេច។ ហេតុការណ៍នេះបានកើតឡើងនៅល្ងាចថ្ងៃទី១៣ ខែ កក្កដា ឆ្នាំ២០២០ នៅចំនុចភូមិផ្សារដែកក្រោម ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាល។

ជនរងគ្រោះឈ្មោះ សំ សាវ៉េត ភេទប្រុស អាយុ៦៤ឆ្នាំ ជនជាតិខ្មែរ មុខរបរជំនួយការស្មៀន មានទីលំនៅភូមិធម្មត្រ័យ ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាល ជាជនពិកាដៃខាងឆ្វេង។ រីឯជនសង្ស័យឈ្មោះ សឿន ស៊ីន ភេទប្រុស អាយុ ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិផ្សារដែកក្រោម ឃុំផ្សារដែកស្រុក ពញាឮ ខេត្តកណ្តាល។

នគរបាលបានរៀបរាប់ដំណើររឿងថា ជនរងគ្រោះបានជិះម៉ូតូរបស់ខ្លួន ម៉ាកសង់ ស៊េរីឆ្នាំ២០១៣ ចេញពីក្នុងសាលាឃុំទៅផ្ទះរបស់ខ្លួន លុះពេលជនរងគ្រោះជិះចេញ ដល់ចំនុចមុខក្លោងទ្វារចេញ ចូលសាលាឃុំ ស្រាប់តែជនសង្ស័យដែលកំពុងផឹកស៊ីនៅក្បែរនោះបានយកបំណែកដុំថ្មគប់ ទៅលើជនរងគ្រោះដែលកំពុងជិះម៉ូតូត្រូវចំក្បាល ផ្នែកខាងធ្វេង បណ្តាលឱ្យរងរបួសហូរឈាមស្រោចខ្លួន។

ពេលនោះជនសង្ស័យ ក៏បានរើសយកបំណែកដុំថ្ម គប់សំដៅទៅលើជនរងគ្រោះបន្តបន្ទាប់ទៀត ប៉ុន្តែគប់មិនត្រូវដោយសារជនរងគ្រោះជិះម៉ូតូរត់គេ ទៅកាន់មន្ទីរពេទ្យ បង្អែកស្រុកពញាឮ ដើម្បីព្យាបាលរបួស។

នគរបាលបញ្ជាក់ថា ជនសង្ស័យរូបនេះកន្លងមកធ្លាប់ជាប់ពន្ធនាគារខេត្តកំពង់ឆ្នាំងរយៈពេល៦ឆ្នាំ ពីបទប្លន់ប្រដាប់អាវុធ។

បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារដែក ឃាត់ខ្លួនបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកពញាឮ ដើម្បីសាកសួរនិងចាត់ការតាមនីតិវិធី៕

ប្រភព http://www.freshnewsasia.com